(ខេត្តបន្ទាយមានជ័យ)៖ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅតំបន់ផ្លូវវៀងក្រុង ឃុំបត់ត្រង់ ស្រុកមង្គលបូរី បានរៀបចំកម្មវិធីផ្តល់សាច់ប្រាក់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅទូទាំង ៩ក្រុង/ស្រុក នៃខេត្តបន្ទាយមានជ័យ។
កម្មវិធីនេះមានការចូលរួមពី ឯកឧត្តម គីម វីរៈ ទីប្រឹក្សា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងលោកស្រី ក្លែ កូណាន់ តំណាង និងជានាយិការ កម្មវិធីស្បៀងអាហារពិភពលោកនៅកម្ពុជា។
ដោយមើលឃើញនូវការលំបាក និងដើម្បីរួមចំណែកក្នុងការស្តារជីវភាពឡើងវិញ របស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ហើយទទួលរងគ្រោះគ្រោះមហន្តរាយផ្ទួនៗ ដូចជាជំងឺកូវីដ ១៩ និងជាពិសេស ទឹកជំនន់ ក្រោមភាពជាដៃគូរយុទ្ធសាស្រ្តរវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំ នៅកម្ពុជា នឹងមានការគាំទ្រថវិកាពី រាជរដ្ឋាភិបាលអាឡឺម៉ង់ (giz) ជំនួយពីពលរដ្ឋ អាមេរិក (USAID) បានសម្រេចផ្តល់ជូនថវិកាដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ នៅក្នុងខេត្តបន្ទាយមានជ័យប្រមាណ ១១,០០០គ្រួសារ (មួយម៉ឺនមួយពាន់គ្រួសារ) សម្រាប់រយៈពេល ៣ខែ ដែលមានថវិកាសរុបប្រមាណ ៥,២៨០,០០០,០០០លានរៀល (ប្រាំពាន់ពីរយប៉ែតសិបលានរៀល) ឬ ស្មើនឹង១.៣២ លានដុល្លាអាមេរិក។
ក្រៅពីការផ្តល់ជំនួយជាសាច់ប្រាក់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោក ក៏កំពុងបន្តសហការគ្នាដើម្បីពង្រឹង សកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដូចជាការពង្រឹងសមត្ថភាពមន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងលើការរៀបចំ និងអនុវត្តផែនការត្រៀមបម្រុង ពង្រឹងប្រព័ន្ធគ្រប់គ្រងព័ត៌មានគ្រោះមហន្តរាយ នឹងការជូនដំណឹងជាមុន និងការសម្របសម្រួលជាមួយដៃគូរអភិវឌ្ឍន៍និងភ្នាក់ងាមនុស្សធម៌នានា។ល។
សូមបញ្ជាក់ថាគិតចាប់ពីទឹកជំនន់ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ការផ្តល់ជំនួយសាច់ប្រាក់ដល់គ្រួសារដែលមានជីវភាពខ្វះខាតដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តចំនួន ៥ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ គឹមានទឹកប្រាក់ប្រមាណ ជាង ២៤,០០០,០០០ ,០០០០ រៀល ឬប្រមាណជាង ៦ លានដុល្លាអាមេរិក។