នាយឧត្តមសេនីយ៍បណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម បំពាក់សម្ភារៈ ជូនកងកម្លាំងរបស់យោធភូមិភាគពិសេស ត្រៀមប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ

(ភ្នំពេញ)៖ រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គ.ជ.គ.ម. អមដំណើរដោយ ឯកឧត្តម ហង្ស សាមឿន អនុប្រធាន គ.ជ.គ.ម. ឯកឧត្តម ង៉ោ សុវណ្ណ  អនុប្រធាន  គ.ជ.គ.ម. ឯកឧត្តម ទីប្រឹក្សា ឯកឧត្តម អគ្គលេខាធិការរង បាននាំយកឧបករណ៍ សម្ភារៈសង្គ្រោះគ្រោះមហន្តរាយ មកបំពាក់ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះមហន្តរាយ របស់យោធភូមិភាគពិសេស។

សម្ភារ:ទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានបំពាក់ជូនកងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ (លេខ៧២៤)  របស់បញ្ជាការដ្ឋានយោធភូមិភាគពិសេស ដែលមានកម្លាំងសរុប ១២០នាក់ ដើម្បីហ្វឹកហ្វឺន និងប្រើប្រាស់ក្នុងការត្រៀមឆ្លើយតប និងសង្រ្គោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយ កើតឡើងជាយថាហេតុ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំចូលរួមផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកម្លាំងសង្គ្រោះទាំងអស់ និងបានជម្រាបជូនពួកគេថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែនឹករលឹកដល់កងកម្លាំង គ្រប់ជាន់ថ្នាក់។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា បម្រែបម្រួលអាកាសធាតុនៅលើពិភពលោកនាពេលបច្ចុប្បន្ន ក៏បានជះឥទ្ធិពលមិនល្អដល់កម្ពុជាផងដែរ។ ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាតែងតែជួបនូវគ្រោះមហន្តរាយនានា ដែលបណ្តាលមកពីកត្តាធម្មជាតិដូចជាខ្យល់កន្ត្រាក់ និងទឹកជំនន់ជាដើម។ បន្ថែមពីលើកត្តាធម្មជាតិនេះ កម្ពុជា ក៏ប្រឈមនឹងឧប្បត្តិហេតុផ្សេងៗ កើតចេញពីសកម្មភាពរបស់មនុស្សគ្រាដែលសង្គមជាតិកំពុងមានការអភិវឌ្ឍនោះ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនសមត្ថភាពក្រុមសង្គ្រោះ ដើម្បីឆ្លើយតបនឹងឧប្បត្តិហេតុផ្សេងៗដែលអាចកើតមាន។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានចាត់ទុកការបើកវគ្គហ្វឹកហ្វឺនសង្គ្រោះដល់កងកម្លាំង របស់យោធភូមិភាគពិសេស ជាការហ្វឹកហ្វឺនដ៏មានសារៈសំខាន់ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយកើតមាននៅក្នុងខេត្តកណ្តាល ក៏ដូចជារាជធានីភ្នំពេញផងដែរ។

ទន្ទឹមនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សាធារណៈជន ជាពិសេសប្រជានេសាទ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុក្នុងរដូវវស្សានេះ ដោយត្រូវតាមដានឱ្យជាប់នូវព័ត៌មានប្រមានជាមុនពីស្ថានភាព អាកាសធាតុ និងសេចក្តីជូនដំណឹងផ្សេងៗរបស់ក្រសួងជំនាញ និងប្រព័ន្ធផ្សព្វផ្សាយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រៀមលក្ខណៈជាមុនបានទាន់ពេលវេលា។

ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស តំណាងនាយទាហាន ពលទាហាន និងក្នុងនាមមេបញ្ជាការយោធភូមិភាគពិសេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោ ដែលសម្តេចតែងតែយកចិត្តទុក្ខដាក់ ឧបត្ថម្ភដល់កងទ័ព និងប្រជាពលរដ្ឋដែលជួបការលំបាកជាបន្តបន្ទាប់។

ជាក់ស្តែងពេលនេះ នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវសំសម្ភារៈគ្រឿងបំពាក់មធ្យោបាយដល់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយមានដូចជា៖ ទូក ១០គ្រឿង, ម៉ាស៊ីន ១០, ស្លាបចាក់១០, ម៉ាស៊ីនបូមទឹក ២០គ្រឿង, ទុយោទឹក ៤០ឈុត, ម៉ាស៊ីនភ្លើងចល័ត ២គ្រឿង, តង់ចល័ត ២០សម្រាប់, ខ្សែពួរប្រវែង ១,០០០ម៉ែត្រ, អាវពោង ២០០អាវ, ឯកសណ្ឋាន ៣៦០ឈុត, មួក ១២០, ពិល១០, ពិលសម្រាប់មួកសុវត្ថិភាព ៥កេះធំ, មួក គ.ជ.គ.ម. ១២០, អាវយឺត ១២០កំប្លេរ, និងបាឡូដាក់សម្ភារៈ ១២០ផងដែរ។