នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញមន្ត្រីរបស់ខ្លួនទាំងអស់ត្រូវក្តាប់ឱ្យបាននូវសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធគ្រោះហន្តរាយ ដើម្បីជួយសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលា

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជួយផ្ដល់ព័ត៌មានពាក់ព័ន្ធគ្រោះមហន្តរាយ ជាពិសេស បញ្ហាគ្រោះទឹកជំនន់ ដែលអាចកើតមាននៅក្នុងរដូវវស្សាឆ្នាំនេះ ឲ្យបានច្បាស់លាស់ ជាក់លាក់ និងឆាប់រហ័ស ដើម្បីងាយស្រួលដល់ក្រុមការងារ ក្នុងការចុះជួយពលរដ្ឋរងគ្រោះបានទាន់ពេលវាលា។

នៅក្នុងសិក្ខាសាលា ស្តីពីការត្រៀមខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ ឆ្នាំ២០២១ និងឆ្នាំខាងមុខ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា ក្នុងការកាត់បន្ថយនូវផលប៉ះពាល់ បង្កដោយគ្រោះទឹកជំនន់ឆ្នាំ២០២១ និងឆ្នាំខាងមុខ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រើប្រាស់អភិក្រមសកម្មភាពមុនគ្រោះអាសន្នកើតឡើង និងកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះមហន្តរាយ ព្រមទាំងការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចុះឈ្មោះក្នុងប្រព័ន្ធប្រកាសឲ្យដឹងមុន ១២៩៤ និងផ្សព្វផ្សាយព័ត៌មានឲ្យទូលំទូលាយ និងបង្កភាពងាយស្រួល ក្នុងការគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

ឯកឧត្តម បានបន្ថែមថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ក្នុងការត្រៀមរៀបចំផែនការត្រៀមបម្រុង ក៏ត្រូវគិតគូរសំខាន់នៅពេលមានគ្រោះមហន្តរាយ គឺមូលដ្ឋាន ជាអ្នកត្រូវឆ្លើយតបមុន ដូចនេះមូលដ្ឋានសហគមន៍ គឺជាបណ្ដាញដ៏មានប្រសិទ្ធភាព ក្នុងការឆ្លើយតបគ្រោះមហន្តរាយ ដែលចាំបាច់ត្រូវជួយពួកគេឲ្យមានសមត្ថភាពត្រៀមបង្ការ ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងស្ដារឡើងវិញពីគ្រោះមហន្តរាយ។

ជាមួយគ្នានេះ ឯកឧត្តម គន់ គីម បានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធនានា ចូលរួមចែករំលែកព័ត៌មាន អំពីស្ថានភាពប៉ះពាល់សង្គមដោយគ្រោះមហន្តរាយ ជាក់លាក់ និងទាន់ពេលវេលា សម្រាប់ការឆ្លើយសង្គ្រោះបន្ទាន់ ឲ្យស្របទៅនឹងតម្រូវការរបស់ជនរងគ្រោះ។

ក្នុងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែសីហា និងទិសដៅអនុវត្តខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញថា ក្រុមការងារ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការពិនិត្យតាមដានជាប្រចាំ អំពីស្ថានភាពអាកាសធាតុ ដែលងាយបង្កឲ្យមានជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ជាពិសេសនៅតំបន់ភាគពាយ័ព្យ និងតំបន់ឆ្នេរសមុទ្រ។

របាយការណ៍បានបន្តថា ក្រុមការងារកំពុងពិនិត្យផ្ទៀងផ្ទាត់តំបន់ភូមិសាស្រ្ត តាមដងទន្លេមេគង្គសម្រាប់ការត្រៀមលក្ខណៈ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ចំពោះគ្រោះទឹកជំនន់ទន្លេមេគង្គ និងពង្រឹង និងពង្រីក ប្រព័ន្ធព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ មានប្រព័ន្ធ១២៩៤ និងប្រព័ន្ធ PRISM ដោយមានកិច្ចសហការជាមួយអង្គការដៃគូ សម្រាប់ឆ្លើយតប និងអន្តរាគមន៍ជួយសង្គ្រោះ។

(រូបភាពឯកសារ)