បាត់ដំបង៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្រ្គោះគ្រោះមហន្តរាយដល់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយលេខ៧០៥ យោធភូមិភាគទី៥ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និង ឯកឧត្តម គីម វីរៈ ទីប្រឹក្សា និងជាអនុប្រធានក្រុមប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ តំណាងឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
តាមរបាយការណ៍បានឱ្យដឹងថា ផែនការហ្វឹកហ្វឺន ដែលបានប្រារព្ធពិធីបិទវគ្គនាពេលនេះ មានចំនួន ១វគ្គ ប្រើរយៈពេល ៣១ថ្ងៃកន្លងរួចមកហើយ ចាប់ផ្តើមបើកវគ្គហ្វឺកហ្វឺនចាប់ពីថ្ងៃ១២ ខែតុលា ដែលមានសិក្ខាកាម ចំនួន ១២០នាក់ ត្រូវបានទទួលការហ្វឹកហ្វឺនបឋមជំនាញរុករក និងសង្រ្គោះគ្រោះមហន្តរាយ ដែលត្រូវហ្វឹកហ្វឺនលើជំនាញ បចេ្ចកទេសសង្គ្រោះគ្រោះមហន្តរាយ បើកបរកាណូត និងវិធីជួយសង្គ្រោះ។
ក្នុងឱកាសនេះដែរ ក្នុងនាមមេបញ្ជាការយោធភូមិភាគទី៥ ឯកឧត្តម ឯក សំអូន គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជានិច្ចកាលយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពិសេសក្នុងពេលជួបគ្រោះមហន្តរាយផ្សេងៗ។
លោកឧត្តមសេនីយ៍ឯក បានបន្តថា ដោយមានការយកចិត្តទុកដាក់ បង្កលក្ខណៈ ពីថ្នាក់ដឹកនាំ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជានិច្ចជាកាលលោកតែងតែចុះជាប់ដោះស្រាយដល់ទីកន្លែង ដែលប្រជាពលរដ្ឋជួបទុក្ខលំបាកដោយ គ្រោះមហន្តរាយ និងបានបង្កលក្ខណៈគ្រប់បែបយ៉ាងដល់ក្រុមរុករកសង្គ្រោះនិងកម្លាំងអន្តរាគមន៍ នូវឧបករណ៍សម្ភារៈ បរិក្ខារ និងមធ្យោបាយផ្សេងៗ ព្រមទាំងបង្កើត និងបណ្តុះបណ្តាលក្រុម ជំនាញសង្គ្រោះឱ្យមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗនៅគ្រប់កាលៈទេសៈ ។
ឯកឧត្តម ក៏បាន កោតសរសើរដល់សិក្ខាកាមទាំងអស់ដែលបានអនុវតន៍ម៉ឺងម៉ាត់តាមវេលា ហ្វឹកហ្វឺនរៀនសូត្រ រហូតទទួលបានលទ្ធផលល្អ និងជោគជ័យនាពេលនេះ។ ឯកលោកឧត្តមសេនីយ៍ឯក ក៏បានការណែនាំ ត្រូវរក្សាឱ្យបានល្អនូវវិន័យ សណ្តាប់ធ្នាប់ សីលធ៌ម សេចក្តីថ្លៃថ្នូររបស់កងទ័ព និងត្រូវយកចិត្តទុកដាក់ក្នុងការជួយសង្រ្គោះពេលមានហេតុការណ៍កើតឡើង និងបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារចៀសឆ្ងាយពីជំងឺកូវិដ-១៩។