ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នទូក-កាណូត របស់កងឯកភាព កងអនុសេនាធំ ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ លេខ ៧២២ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ

ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ផារី នាយរងសេនាធិការចម្រុះ មេបញ្ជាការរង និងជាប្រធាន លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ របស់បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នទូក-កាណូត របស់កងឯកភាព កងអនុសេនាធំ ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ លេខ ៧២២ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ។

ការហ្វឹកហ្វឺនមានរយៈពេល ៤៩ថ្ងៃ ស្មើនឹង ៣៤៣ម៉ោង មានមុខវិជ្ជា អប់រំចិត្តសាស្ត្រហ្វឹកហ្វឺនយោធា ហែលទឹកសង្គ្រោះដោយខ្លួនទទេរ និងប្រើប្រាស់សម្ភារៈ ហ្វឹកហ្វឺនជំនាញបច្ចេកទេសបើកទូកស្មាច់ និងរបៀបសង្គ្រោះបឋមជាដើម។

ក្រោយការហ្វឹកហ្វឺននេះ សិក្ខាកាមមានសមត្ថភាពស្ទាត់ជំនាញ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ ដូចជា គ្រោះទឹកជំនន់ រាំងស្ងួត រលំបាក់អគារ គ្រោះថ្នាក់ចរាចរ អគ្គីភ័យ។ល។

ក្នុងកម្មវិធីបិទវគ្គនោះ ក៏បានរៀបចំធ្វើលំហាត់សមយុទ្ធផ្ទាល់ រួមមានការសង្គ្រោះប្រជាពលរដ្ឋ ដែលជាប់លើទីទួល លើដំបូលផ្ទះ លង់ទឹក របៀបបោកខោអាវសង្គ្រោះ ការបង្ហាញអំពី បច្ចេកទេស និងយុទ្ធវិធីលើផ្ទៃទឹកមាន៤ដំណាក់កាល ការបើកបរល្បាតជាជួរបណ្តោយ ជួរទទឹង ធ្មេញរណា និងជាសញ្ញាព្រួញ។

ក្នុងឱកាសនោះ ឯកឧត្តម ទីប្រឹក្សា គ.ជ.គ.ម. បានវាយតំលៃខ្ពស់ និងកោតសរសើរចំពោះ សិក្ខាកាម និងយោធាចារ្យ ដែលខិតខំធ្វើការហ្វឹកហាត់រហូតបានបញ្ចប់នាពេលនេះ និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម រួមទាំងនាំយកថវិកាចំនួន ២លានរៀល មកផ្តល់ជូនកងអនុសេនាធំ ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ លេខ ៧២២ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ។

ក្នុងកម្មវិធីនោះដែរក៏មានការចែកអំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ចំនួន ២០គ្រួសារផងដែរ។