កម្ពុជាចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២២ នៅប្រទេសអូស្ដ្រាលី

នាថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២

គណៈប្រតិភូ ដឹកនាំដោយ ឯកឧត្តម ហង្ស សាមឿន អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៃព្រះរាជាណាចក្រកម្ពុជា តំណាងឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តី អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២២ សហការរៀបចំឡើងដោយ រដ្ឋាភិបាលអូស្រ្តាលី និងអង្គការសហប្រជាជាតិ ទទួលបន្ទុកការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR) ក្រោមមូលបទ «ពីវិបត្តិទៅកាន់ភាពធន់៖ ការផ្លាស់ប្តូរអនាគតនៃតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ» កំពុងប្រព្រឹត្តិទៅនៅទីក្រុងប្រ៊ីសបែន ប្រទេសអូស្រ្តាលី ចាប់ពីថ្ងៃទី១៩-២២ ខែកញ្ញា ឆ្នាំ២០២២។

ប្រតិភូដែលអញ្ជើមកចូលរួមក្នុងអង្គសន្និសីទនេះ មានប្រមាណជាង ៣,០០០នាក់ ដែលអញ្ចើញមកពី៣៩ ប្រទេស ក្នុងនោះមានប្រតិភូថ្នាក់រដ្ឋមន្រ្តីមានចំនួន៣១រូប, និងតំណាង អាស៊ាន, កិច្ចសហប្រតិបត្តិការតំបន់អាស៊ីខាងត្បូង, ធនាគារពិភពលោក, ធនាគារអភិវឌ្ឍន៍អាស៊ី, កោះតំបន់អាស៊ីប៉ាស៊ីហ្វិក, វិស័យឯកជន, យុវជន និងរដ្ឋបាលមូលដ្ឋាន។

រដ្ឋមន្រ្តី ប្រធានប្រតិភូ និងតំណាងអាស៊ាន, កិច្ចសហប្រតិបត្តិការតំបន់អាស៊ីខាងត្បូង, ធនាគារពិភពលោក, ធនាគារអភិវឌ្ឍន៍អាស៊ី, កោះតំបន់អាស៊ីប៉ាស៊ីហ្វិក, វិស័យឯកជន, យុវជន និងរដ្ឋបាលមូលដ្ឋាន ត្រូវបានអញ្ជើញឱ្យ ចូលរួមថ្លែងបទអន្តរាគមន៍ នៅឯវេទិកាថ្នាក់រដ្ឋមន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្តោតលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅតាមប្រទេសនីមួយៗ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេស៖

– ការធ្វើបច្ចុប្បន្នភាព លើវឌ្ឍភាព និងការប្រឈម ក្នុងការអនុវត្តក្របខ័ណ្ឌការងារសេនដាយ របស់សាមីប្រទេស

– ការចែករំលែកមេរៀនបទពិសោធន៍ អំពីដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងភាពជាក់ស្តែង ក្នុងការកាត់ បន្ថយហានិភ័យនៃគ្រោះមហន្តរាយនៅទូទាំងតំបន់។

– ការត្រួតពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារនិងកាត់បន្ថយហានិភ័យដែលមានស្រាប់ និងថ្មី របស់ប្រទេស និងអង្គការនីមួយៗ។

– ការប្តេជ្ញាចិត្ត និងការផ្តល់អនុសាសន៍ សម្រាប់ការអនុវត្តសកម្មភាព ក្របខណ្ឌការងារសេនដាយ សម្រាប់ការ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ រហូតដល់ឆ្នាំ ២០៣០។