សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា អាជ្ញាធរនៅក្នុងប្រទេសចិនបានឱ្យដឹងថា មនុស្ស៤នាក់បានស្លាប់ និង៩នាក់រងរបួសនៅក្នុងគ្រោះទឹកជំនន់ ដែលបានវាយប្រហារ លើភាគនិរតីនៃប្រទេស កាលពីថ្ងៃទី១៣ខែសីហា ។
វីដេអូ ដែលត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមចិន បានបង្ហាញថា ទឹកជំនន់បានកើតឡើងភ្លាមៗ ដោយកម្ពស់ទឹកទន្លេមួយ នៅក្នុងទីក្រុង Pengzhou នៃខេត្តស៊ីឈ័ន បានហក់ឡើងយ៉ាងខ្លាំង។ បើតាមអាជ្ញាធរនៅក្នុងតំបន់ មនុស្ស៤នាក់បានស្លាប់ ហើយ៣នាក់ រងរបួសធ្ងន់ រីឯ៦នាក់ ទៀតរងរបួសស្រាល។
កាលពីខែមិថុនាកន្លងទៅ គ្រោះទឹកជំនន់ដែលបានវាយប្រហារលើភាគខាងត្បូងប្រទេសចិនបានបង្ខំឱ្យប្រជាជនជាងកន្លះលាននាក់ ភៀសខ្លួនចេញពីផ្ទះសម្បែងទៅរកទីទួលមានសុវត្ថិភាព ព្រមទាំងបានបង្កការខូចខាតគិតជាទឹកប្រាក់ ២៥០លានដុល្លារ៕