ទេសរដ្ឋមន្ត្រី គន់ គីម ចាត់ទុកអង្គការដៃគូនានា ជាអ្នករួមចំណែកដ៏សំខាន់ លើការងារគ្រោះមហន្តរាយ

(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់ទុកអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ គឺជាដៃគូដ៏សំខាន់មួយ ដែលបានចូលរួមជួយលើការងារគ្រប់គ្រង និងដោះស្រាយបញ្ហាគ្រោះមហន្តរាយនៅកម្ពុជា។

ក្នុងជំនួបជាមួយតំណាងអង្គការដៃគូអភិវឌ្ឍន៍ និងផ្សព្វផ្សាយផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៩-២០២៣ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានកត់សម្គាល់ថា គ្រោះមហន្តរាយបង្កឡើងដោយកត្តាធម្មជាតិ បានក្លាយទៅជាបញ្ហាដ៏ស្រួចស្រាវមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់។

លោកទេសរដ្ឋមន្ត្រី បន្តថា ឈរលើស្មារតីនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានកសាងឡើងនូវផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៩-២០២៣។

លោកទេសរដ្ឋមន្ត្រី បានបន្តថា ផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៩-២០២៣ បង្ហាញឱ្យឃើញនូវការបង្កើនការទទួលខុសត្រូវនៅគ្រប់កម្រិតដោយផ្តើមពិនិត្យដោះស្រាយហានិភ័យគ្រោះមហន្តរាយទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុមាន៖ គ្រោះរាំងស្ងួត កង្វះខាតទឹក ភ្លៀងធ្លាក់មិនគ្រប់គ្រាន់ ទឹកជំនន់ ជំនន់ទឹកភ្លៀង បាក់ច្រាំងទន្លេស្ទឹង ជំងឺឆ្លងជំងឺរាតត្បាត។ល។

ទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៩-២០២៣ គឺជាការបន្តអនុវត្តទស្សនៈវិស័យ «កសាងសហគមន៍ប្រកបដោយសុវត្ថិភាព និងភាពធន់ ដើម្បីការអភិវឌ្ឍជាតិដោយចីរភាព»

លោកទេសរដ្ឋមន្ត្រី បានគូសរំលេចថា ការងារគ្រប់គ្រង និងដោះស្រាយបញ្ហាបង្កដោយគ្រោះមហន្តរាយនេះ ទាមទារឱ្យមានការចូលរួម និងសហការគ្នាដោយជិតស្និទ្ធរវាងអាជ្ញាធរពាក់ព័ន្ធទាំងអស់។ លោកទេសរដ្ឋមន្ត្រី ក៏បានលើកពីគុណតម្លៃ និងការមិនអាចខ្វះបានរបស់អង្គការជាដៃគូផងដែរ។

បើតាមលោក គន់ គីម អង្គការដៃគូអភិវឌ្ឍន៍ បានចូលរួមយ៉ាងច្រើនលើការងារគ្រប់គ្រង និងឆ្លើយតបលើបញ្ហាគ្រោះមហន្តរាយនាពេលកន្លងមក។ តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ លោកទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានរួមចំណែកជួយជ្យ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ រួមទាំងការងារគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។

លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យអង្កការដៃគូចូលរួមចំណែកពង្រឹងការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជាបន្ថែមទៀត និងសុំឱ្យអង្គការដៃគូទាំងអស់ប្រើប្រាស់ផែនការសកម្មភាពជាតិនេះ កសាងជាកម្មវិធីលម្អិតគ្រប់ជ្រុងជ្រោយ សម្រាប់ការបំពេញបេសកកម្មរបស់ពួកគេឱ្យបានទទួលជោគជ័យ៕