ទេសរដ្ឋមន្ត្រី គន់ គីម បញ្ជាឱ្យអគ្គលេខាធិការគ្រោះមហន្តរាយ ចុះជួយរុករកក្មេងលិចទូកនៅខេត្តកណ្តាល

(ភ្នំពេញ)៖ជួសមុខសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនោះលោកទេសរដ្ឋមន្ត្រីគន់គីមអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចេញបញ្ជាឱ្យអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដឹកនាំកម្លាំងចុះទៅសហការជាមួយអាជ្ញាធរមូលដ្ឋានជួយរុករកក្មេងជួបគ្រោះលិចទូកចម្លងនៅក្នុងខេត្តកណ្តាលទាំងយប់។

លោកទេសរដ្ឋមន្ត្រីគន់គីមបានសម្តែងនូវការសោកស្តាយជាទីបំផុតចំពោះហេតុការណ៍ដ៏អកុសលនេះ។

លោកទេសរដ្ឋមន្ត្រីបានណែនាំលោកគីមវីរៈអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយព្រមទាំងកម្លាំងសង្គ្រោះត្រូវចេញប្រតិបត្តិការបន្ទាន់ហើយប្រឹងប្រែងឱ្យអស់លទ្ធភាពជួយសង្គ្រោះកុមាររងគ្រោះនិងរុករកអ្នកដែលបាត់ខ្លួន។

ក្នុងប្រតិបត្តិការនេះលោកឧត្តមសេនីយ៍ទោ គីម សុផារុននាយរងសេនាធិការចម្រុះ និងជាអនុប្រធាន កងប្រតិបត្តិការសង្គ្រោះ និងរុករក ក៏បានដឹកនាំកម្លាំងចូលរួមក្នុងប្រតិបត្តិការនេះផងដែរ។ ជាមួយគ្នានោះកងប្រតិបត្តការរុករកនិងសង្រ្គោះលេខ៩១១កំពុងចេញដំណើរជួយស្វែងរកបន្ថែមផងដែរ។

សូមបញ្ជាក់ថានៅយប់ថ្ងៃទី១៣ខែតុលានេះមានករណីលិច្ចទូកចម្លងស្ថិតក្នុងភូមិកោះចំរើនឃុំកំពង់ភ្នំស្រុកលើកដែកខេត្តកណ្ដាល។

លោក អាំ ធូ អធិការនគរបាល ស្រុកលើកដែក បានប្រាប់អោយដឹង ថាទូកចម្លងនេះដឹកសិស្សតូចចេញពីរៀនត្រឡប់ទៅផ្ទះរបស់ពួកគេ។

ព័ត៌មានបឋមបានឱ្យដឹងថាមានក្មេងៗប្រមាណ១០នាក់បាត់ខ្លួន។ក្នុងនោះរកឃើញភ្លាមៗចំនួន៣នាក់ប៉ុន្ដែម្នាក់ស្លាប់និងផ្សេងទៀតសមត្ថកិច្ចកំពុងរាវរក៕