(សៀមរាប)៖ អនុវត្តន៍មិនឱ្យបទបញ្ជាធ្លាក់ដល់ដីនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម សេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រោះមហន្តរាយ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២នេះ បន្តនាំយកស្រូវពូជជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដើម្បីដាំដុះឡើងវិញក្រោយពេលទឹកស្រក។
ពិធីចែកស្រូវពូជនេះ ក៏មានការអញ្ជើញចូលរួមដោយ លោកបណ្ឌិត សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប មន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក លោកស្រី ជាអភិបាលរងអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធក្នុងខេត្តមួយចំនួនទៀត។
របាយការណ៍បានបង្ហាញថា ស្រូវពូជដែលបានយកទៅចែកជូនប្រជាកសិករនេះ មានចំនួន ៣៧៧តោន ត្រូវបានចែកជូនប្រជាកសិករ ២,៥៩៤គ្រួសារ មកពីស្រុកស្រីស្នំ និងស្រុកក្រឡាញ់។ ក្នុងពិធីនោះ ក្រៅពីចែកស្រូវពូជហើយ ក៏មានការផ្តល់ជាជំនួយសង្គ្រោះបន្ទាន់ ជូនពលរដ្ឋរងគ្រោះ ១,០០០ គ្រួសាមកពី ១០ឃុំ ក្នុងស្រុកក្រឡាញ់។ គ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកសុទ្ធ ១កេសធំ និងថវិកា ២០,០០០រៀល។
ក្នុងពិធីនោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវការសាកសួរសុខទុក្ខ ការយកចិត្តទុកដាក់ ក្តីនឹករលឹក និងក្តីអាណិតស្រលាញ់ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ ជូនប្រជា ពលរដ្ឋ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកបង្ហាញជូនប្រជាពលដ្ឋពីការគិតគូរ និងយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន លើការងារស្តារឡើងវិញការដាំដុះរបស់ប្រជាកសិករ ដោយបានចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះវាយតម្លៃផលប៉ះពាល់បន្ទាន់ និងដឹកស្រូវពូជចែកជូនកសិករឱ្យបានលឿនបំផុត។
លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបកសិកររងគ្រោះដោយទឹកជំនន់ ពីការគិតគូរបញ្ចេញកញ្ចប់ថវិកាជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋរងការលិចលង់រយៈពេលប្រមាណ៣ខែផងដែរ។
«ទាំងនេះជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការលំបាករបស់បងប្អូនកសិករយើង។ បើទោះបីសម្តេចមមាញឹកនឹងកិច្ចការជាតិមិនបានចុះជួបផ្ទាល់ តែការនឹករលឹក ការគិតគូររបស់សម្តេចទាំងទ្វេនៅជាមួយបងប្អូនកសិករយើងជានិច្ច»។ នេះជាការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងពេលចែកពូជស្រូវ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរលោកបណ្ឌិត សៀង ណាំ ដែលកន្លងមក និងពេលបច្ចុប្បន្ននេះ តែងតែយកចិត្តទុកដាក់ដោះស្រាយរាល់ពេលប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានទុក្ខលំបាក និងគ្រោះអាសន្ននានា។ នេះគឺជាកាយវិកាដ៏ថ្លៃថ្នូរគួរឱ្យគោរព ក្នុងនាមលោកជាតំណាងរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានស្នើឱ្យអាជ្ញាធរ ខេត្ត ស្រុក ឃុំ សហការនឹង ក្រសួង ស្ថាប័នជំនាញ ពាក់ព័ន្ធទាំងអស់ បន្តអនុវត្តន៍បទបញ្ជាសម្តេចតេជោឱ្យខ្ជាប់ខ្ជួន ចុះវាយតម្លៃតម្រូវការ ដើម្បីដាក់ចេញនូវសកម្មភាពជាក់ស្តែងពេលទឹកស្រកទៅវិញ ស្របតាមទិសដៅយុទ្ធសាស្ត្រអាទិភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការ ស្តារជីវភាព ប្រជាពលរដ្ឋរងគ្រោះឡើងវិញ។
ក្រៅពីនេះការងារអនាម័យសំអាតបរិស្ថាន ក្នុង សហគមន៍ ក្នុងពេលទឹកកំពុងស្រក និងក្រោយពីទឹកស្រក ក៏ជាការងារអាទិភាពផងដែរ ដែលលោកទេសរដ្ឋមន្ត្រី បាន ស្នើដល់អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍ចូលរួមអនុវត្ត ដើម្បីការពារជំងឺដង្កាត់នានា បង្ក ដោយបរិស្ថានមិនស្អាត។ ចំពោះការចែកជំនួយនានាជូនប្រជាពលរដ្ឋ ត្រូវបានលោកទេសរដ្ឋមន្ត្រី គន់ គីម ស្នើឱ្យមានការចែកក្នុងរូបភាពជាក្រុមតូចៗ ដោយចុះចែកដល់មូលដ្ឋានផ្ទាល់តែម្តង៕