ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពផលប៉ះពាល់ របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅតាមខ្នងផ្ទះ ក្នុងភូមិសាស្រ្ត ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ទេសរដ្ឋមន្ត្រីបានឱ្យដឹងថាដោយមានភ្លៀងធ្លាក់ជាប់ៗគ្នា និងទឹកធ្លាក់ពីលើភ្នំយាយសំ បានបង្ករឱ្យភូមិបឹងជង្រុកទទួលរងការជន់លិច។ នៅក្នុងពេលចុះពិនិត្យស្ថានភាពនៃការជនលិច ក៏ដូចជាផលប៉ះពាល់នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានដឹកនាំបញ្ជាកម្លាំងចម្រុះ រៀបចំធ្វើស្ពានឈើបណ្តោះអាសន្ន ដើម្បីប្រជាពលរដ្ឋឆ្លងកាត់ និងបានរំដោះមុខទឹក និងរៀបចំទីទួលសុវត្ថិភាពត្រៀមសម្រាប់ពលរដ្ឋរងផលប៉ះពាល់។
ក្រៅពីការក្រើនរំលឹកឱ្យមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋហើយនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន ដែលបានអនុវត្តផែនការទប់ស្កាត់ និងដោះស្រាយបញ្ហា បណ្តាលមកពីគ្រោះទឹកជំនន់តាមសារាចរណែនាំរបស់សម្តេចតេជោ ហ៊ុន សែន។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួន ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រៀមបម្រុង និងមានវិធានការឆ្លើយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព សំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោតជាអាទិភាពខ្ពស់លើអាយុជីវិតមនុស្ស។