ឯកឧត្តម នាយឧត្តមសេនីយបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យស្ថានភាពទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ខណៈប្រជាពលរដ្ឋជាច្រើនគ្រួសារត្រូវបានជម្លៀស

(បន្ទាយមានជ័យ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ អញ្ជើញពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់របស់ប្រជាពលរដ្ឋដោយផ្ទាល់ នៅក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ដោយប៉ុន្មានថ្ងៃនេះ កម្ពុជាបាននឹងកំពុងបន្តទទួលរងឥទ្ធិពល នៃជ្រលងសម្ពាធទាប បង្កឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀង ជន់លិច និងបង្កឲ្យមានផលប៉ះពាល់មួយចំនួន តែមិនទាន់ធ្ងន់ធ្ងរនៅឡើយទេ។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ កំពុងយកចិត្តទុកដាក់ ត្រៀមជួយសង្គ្រោះ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែង និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីតាមដានត្រួតពិនិត្យ និងគ្រប់គ្រងសភាពការណ៍ រួមជាមួយនឹងការចល័តទូកសង្គ្រោះ គ្រប់គោលដៅ ដែលរងការគំរាមកំហែងដោយទឹកជំនន់ទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមលក្ខណៈ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានហេតុការណ៍ធ្ងន់ធ្ងរកើតឡើង។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសរសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ ដែលបានអនុវត្តផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីគ្រោះទឹកជំនន់តាមសារាចរណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រៀមបម្រុង និងមានវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព សំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោតជាអាទិភាពខ្ពស់ចំពោះអាយុជីវិតមនុស្ស៕