(កំពង់ឆ្នាំង)៖ បេសកកម្មសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះចែកស្រូវពូជជូនកសិកររងគ្រោះដោយទឹកជំនន់ នៅខេត្តជុំវិញបឹងទន្លេសាប បានចូលដល់ខេត្តកំពង់ឆ្នាំងហើយ បន្ទាប់ពីប្រើពេលប្រមាណ៤ថ្ងៃ។ នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាកសិករ ៣,៤៦០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់។ គ្រួសារនីមួយៗទទួលបានស្រូវពូជទម្ងន់ ១០០គីឡូក្រាម ព្រមទាំងស្បៀងអាហារ និងថវិកាមួយចំនួនផងដែរ។
ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណ១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖
* ផ្តើមកិច្ចសំណេះសំណាលជាមួយពលរដ្ឋនៅខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន បាននាំយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ សាកសួរសុខទុក្ខជូនពលរដ្ឋចូលរួមក្នុងកម្មវិធី ក៏ដូចជាពលរដ្ឋទូទាំងខេត្ត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះមហាក្សត្រ និងសម្តេចម៉ែ តែងតែយកព្រះទ័យទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារចុះជួយខេត្ត និងអាជ្ញាធរខេត្ត ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋពេលជួបទឹកជំនន់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ពេលពលរដ្ឋមានទុក្ខតែមានមុខ មានវត្តមានមន្ត្រីបក្សប្រជាជនកម្ពុជា ដែលបានបំពេញការងារនៅតាមមូលដ្ឋាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃម្សិលមិញមិនមានការឆ្លងជំងឺកូវីដ១៩នោះទេ។ នេះជាថ្ងៃទី៦ហើយ ដែលកម្ពុជាមិនមានការឆ្លងជំងឺកូវីដ១៩ ករណីថ្មី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គម្រប់៣ឆ្នាំនៃការឆ្លងជំងឺកូវីដ១៩នៅកម្ពុជា។ សម្តេចតេជោ បានថ្លែងថា ជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ មិនមែនពឹងតែលើកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែក៏មានការចូលរួមយ៉ាងសស្រាក់សស្រាំពីប្រជាពលរដ្ឋផងដែរ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ តាមរយៈការអនុវត្តន៍វិធានការនានា ជាពិសេសការចាក់វ៉ាក់សាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មិនបង្កផលប៉ះពាល់ដល់អាយុជីវិតនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រោះទឹកជំនន់ជាទម្ងន់មួយបន្ថែមទៀតសម្រាប់កម្ពុជា ពីលើវិបត្តិនៃជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បក្សកាន់អំណាចខុសពីបក្សប្រឆាំង ដែលមានមុខតែពេលបោះឆ្នោត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែមានមុខគ្រប់ពេលពលរដ្ឋមានទុក្ខ និងការលំបាក មិនមែនឃើញមុខតែពេលបោះឆ្នោតនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានប្រៀបធៀបរឿងនេះ ទៅនឹងគ្រួសារដែលមានកូននៅជិត និងកូននៅឆ្ងាយ។ កូននៅជិតថែទាំរាល់ថ្ងៃ តែគុណសម្បត្តិមិនស្មើកូននៅឆ្ងាយយូរៗមកលេងម្តង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បក្សប្រជាជនតែងតែនៅរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយបក្សប្រជាជន អ្នកដែលនៅតែពេលមានសុខ ហើយរត់ពេលមានទុក្ខ គឺមិនត្រូវបានតែងតាំងកាន់មុខតំណែង ឬតួនាទីអ្វីមួយនោះឡើយ។
* សម្តេចេជោ ហ៊ុន សែន ណែនាំលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឱ្យរៀបចំកាត់ឆ្កៀលដីតំបន់៣នៅបឹងទន្លេសាបជូនពលរដ្ឋឱ្យបានមុនចូលឆ្នាំខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវប្រជាពលរដ្ឋបោះឆ្នោតគាំទ្របក្សប្រជាជនកម្ពុជា ព្រោះជាបក្សទ្រទ្រង់សុខសន្តិភាព។ បើគ្មានវត្តមានបក្សប្រជាជនកម្ពុជា ភ្លើងសង្គ្រាម និងចលលាចលជាតិនឹងកើតឡើង។
* សម្តេចតេជោ ហ៊ុន សែន សួរទៅកាន់មេដឹកនាំបក្សភ្លើងទៀនថា តើសម្តីប្រមាថរបស់ សម រង្ស៉ី លើព្រះចេស្តាព្រះមហាក្សត្រត្រឹមត្រូវដែរទេ?
* សម្តេចតេជោ ហ៊ុន សែន ស្នើទៅសមាជិកបក្សភ្លើងទៀន ឱ្យរង់ចាំមើលថា តើមេបក្សខ្លួនមានសមត្ថភាពឆ្លើយតបនឹងសំណួរសម្តេចដែរទេ?
* សម្តេចតេជោ ហ៊ុន សែន ស្នើថ្នាក់ដឹកនាំ សមាជិកបក្សភ្លើងទៀនចាកចេញពីបក្សភ្លើងទៀនបន្ទាន់ ព្រោះបក្សនេះប្រឈមនឹងផ្លូវច្បាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានខ្សែអាត់សំឡេងនានានៃការពាក់ព័ន្ធគ្នារវាងបក្សភ្លើងទៀន ជាមួយក្រុមទណ្ឌិត រត់ចោលស្រុក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភស្តុតាងជាតម្រុយនៃការប្រព្រឹត្តខុសនឹងច្បាប់បក្សនយោបាយ កំពុងស្ថិតនៅក្នុងដៃសម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ច្រកតែមួយគត់របស់បក្សភ្លើងទៀនពីការមិនជាប់ពាក់ព័ន្ធក្រុមអ្នកទោស គឺត្រូវបង្ហាញឱ្យច្បាស់ តើសម្តីប្រមាថព្រះចេស្តាព្រះមហាក្សត្រជារឿងត្រឹមត្រូវទេ?
* សម្តេចតេជោ ហ៊ុន សែន ក៏បានឱ្យសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីបក្សភ្លើងទៀន ត្រូវចេញមុខឆ្លើយតប ឬថ្កោលទោសចំពោះសម្តីប្រមាថ របស់ សម រង្ស៉ី លើព្រះចេស្តាព្រះមហាក្សត្រ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់មកពីបក្សភ្លើងទៀន កុំបារម្ភរឿងគេដេញចេញពីតំណែង ចំពោះការនិយាយថ្កោលទោស សម រង្ស៉ី។ សម្តេចតេជោ បញ្ជាក់ថា គ្មាននរណាអាចដកបានឡើយ បើគ្មានការឯកភាពពីសម្តេចក្រឡាហោម ស ខេង។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសមាជិកបក្សភ្លើងទៀន ចាកចេញពីបក្សទៅកាន់បក្សដទៃ ព្រោះបក្សនេះអាចប្រឈមនឹងការរំលាយ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្លាំងប្រដាប់អាវុធ និងសមាជិកបក្សប្រជាជន ក៏ដូចជាបក្សដទៃទៀត រួមគ្នាការពាររបបរាជានិយម និងរាជបល្លង្កពីជនក្បត់ជាតិ៣ជំនាន់។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរស្រូតចែកស្បៀងដែលសម្តេចផ្តល់ឱ្យ ជូនកសិកររងគ្រោះទឹកជំនន់។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង ៨៖០០នាទី, ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២៕