ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ នៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញផ្តល់ស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់។

ជំនួបជាមួយកសិករចំខួប៣១ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០២២) នាថ្ងៃនេះ ក្រៅតែពីផ្តល់ស្រូវពូជហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំកញ្ចប់ស្បៀងអាហារ និងថវិកាជូនដល់ប្រជាកសិករ ដើម្បីដោះស្រាយការលំបាកនៅក្នុងជីវភាពផងដែរ។ ខេត្តបន្ទាយមានជ័យជាខេត្តមួយនៅពាយព្យប្រទេស ដែលបានរងការជនលិចធ្ងន់ធ្ងរដោយសារទឹកជំនន់ក្នុងរដូវវស្សាឆ្នាំនេះ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាវសម្តេចពាក់ពេលជួបប្រជាកសិករ អាចនឹងត្រូវគេយកទៅតម្កល់ទុកនៅពេលសម្តេចចាកចេញពីនយោបាយ។

* សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបណ្តាំរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនដល់ប្រជាពលរដ្ឋទាំអស់ ដែលព្រះអង្គទាំងទ្វេតែងយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ ក្នុងការជួយប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់។

* សម្តេចតេជោ ហ៊ុន សែន ទុកអង្ករ ១០០តោន និងថវិកា ១០ម៉ឺនដុល្លារ ឱ្យអាជ្ញាធរខេត្តចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់។

* សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់អាជ្ញាធរទាំងអស់ ដើម្បីឆ្លើយតបនឹងបញ្ហារបស់ប្រជាពលរដ្ឋ។

* យោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីកសិកម្ម សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការព្រោះស្រូវនៅតំបន់ខ្លះក្រាស់ពេក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងណែនាំឱ្យរដ្ឋមន្ត្រីកសិកម្មបន្តចុះសិក្សាស្រាវជ្រាវលើបច្ចេកទេសព្រោះស្រូវ និងការប្រើប្រាស់ជី ដើម្បីធានាឱ្យកសិករធ្វើស្រែទទួលបានផលចំណេញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីសម្តេចដឹកនាំប្រទេសមក សម្តេចតែងប្រាប់ទៅរដ្ឋមន្ត្រីកសិកម្មកុំឱ្យក្លាយជាមនុស្ស «អត់ពូជ»។ «អត់ពូជ» គឺសម្តៅដល់ពូជស្រូវ និងដំណាំផ្សេងៗ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកមិនចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស បកស្រាយបានពិរោះលើសសម្តេចជាហត្ថលេខីទៅទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាកសិករដែលបានទទួលស្រូវពូជនាព្រឹកថ្ងៃនេះ ទទួលបាន ១០០គីឡូក្រាមស្មើគ្នា។

* សម្តេចតេជោ ហ៊ុន សែន ស្នើដល់កសិករប្រើស្រូវពូជមិនអស់ សូមចែករំលែកទៅអ្នកប្រើមិនគ្រប់។

* សម្តេចតេជោ ហ៊ុន សែន ស្នើសុំការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋមានលទ្ធភាព ជុំវិញការផ្តល់ប្រាក់ឧបត្ថម្ភសាច់ប្រាក់ ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋរងគ្រោះរងគ្រោះដោយសារអតិផរណា ដែលនឹងទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល មានប្រមាណ ៦០ម៉ឺនគ្រួសារ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅថ្ងៃម្សិលមិញមិនមានអ្នកឆ្លងកូវីដ១៩នោះទេ។ សម្តេចតេជោ បញ្ជាក់ថានេះហើយជាជោគជ័យនៃគោលនយោបាយវ៉ាក់សាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋប្រមាណ ១០ម៉ឺនគ្រួសារ រងគ្រោះដោយទឹកជំនន់នោះ ហើយក្នុងនោះមានប្រមាណ ២ម៉ឺនគ្រួសារ ត្រូវទទួលបានការអន្តរាគមន៍ពីរាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានវិប្បដិសារី ចំពោះការមិនបានឧបត្ថម្ភថវិកាជូនស្ត្រីឆ្លើយឆ្លងជាមួយសម្តេច នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង។ តែទោះជាយ៉ាងណា សម្តេចបានចាត់ចែងឱ្យលោក សេង ទៀង ផ្ញើប្រាក់ជូនរួចហើយចំនួន ១ពាន់ដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់អន្តរជាតិ ដែលបានជួយសម្របសម្រួលនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពទីក្រុងប៉ារីស ត្រូវទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ភាគីកម្ពុជា។ ជាពិសេសការជួបគ្នារវាងសម្តេច នរោត្តម សីហនុ និងសម្តេច។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើភាគីខ្មែរមិនស្រុះស្រួលគ្នាទេ មិនមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលកម្ពុជាចង់បានពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺការបញ្ចប់ភ្លើងសង្គ្រាម តែអង្គការសហប្រជាជាតិជួយមិនបាន។ ចំណាយថវិកាជាង ២ពាន់លានដុល្លារ តែចេញទៅវិញទុកឱ្យខ្មែរនៅតែបែកបាក់ច្រើនបក្ខច្រើនពួក ជាពិសេសខ្មែរក្រហម នៅតែបន្តប្រឆាំងនឹងរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តែការបែកបាក់នេះ ត្រូវបានបង្រួបបង្រួមទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេច ដែលបានដាក់ចេញនៅឆ្នាំ១៩៩៦។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចូលរួមតស៊ូដណ្តើមអំណាចថ្វាយសម្តេច នរោត្តម សីហនុ តែអាពត បានប្លន់អំណាច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាអស់ហើយ។

* សម្តេចតេជោ ហ៊ុន សែន ចោទសួរអ្នកស៊ីកេរកិច្ចព្រមព្រៀងទីក្រុងប៉ារីសថា តើកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានចែងពីការកាត់ទោសខ្មែរក្រហមទេ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកវិភាគដែលរត់ស្រាតខោពេលកើតមានកិច្ចព្រមព្រៀង កំពុងតាំងខ្លួនជាអ្នកចេះដឹង និងជំនាញលើកិច្ចព្រមព្រៀងប៉ារីស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជាបញ្ចប់សង្គ្រាម ដោយមិនចំណាយគ្រាប់កាំភ្លើង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក្នុងព្រឹត្តិការណ៍បោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់នាពេលកន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន រំពឹងថា ប្រជាពលរដ្ឋនៅតែបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលប្រជាពលរដ្ឋមានទុក្ខ គឺមានមុខសម្តេចតេជោ ហ៊ុន សែ​ន និងគណបក្សប្រជាជនជានិច្ច។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង ៨៖៤៧នាទី, ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២៕