មនុស្ស៣១នាក់ស្លាប់ នៅភាគខាងត្បូងហ្វីលីពីន ដោយសារតែឥទ្ធិពលព្យុះត្រូពិច

(ម៉ានីល)៖ គ្រោះរអិលបាក់ដីនិងទឹកជំនន់ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច៣១នាក់ ស្របពេលការធ្លាក់ភ្លៀងខ្លាំង ដែលបង្កឡើងពីព្យុះត្រូពិចមួយ បានវាយលុកភាគខាងត្បូងប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២។

អាជ្ញាធរគ្រោះមហន្តរាយហ្វីលីពីន នៅថ្ងៃសុក្រនេះបានឱ្យដឹងថា ឥទ្ធិពលនៃព្យុះត្រូពិចឈ្មោះ ណាល់ហ្គែ (Nalgae) បាននាំមកនូវ ភ្លៀងធ្លាក់យ៉ាងជោគជាំ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបង្កឱ្យមានគ្រោះរអិលបាក់ដីនិងទឹកជំនន់ ដែលបានស្លាប់មនុស្សយ៉ាងហោចណាស់ ៣១នាក់ នៅតាមក្រុងមួយចំនួននៃខេត្តមិនដាណាវ (Mindanao) លើកោះមិនដាណាវ ភាគខាងត្បូងប្រទេស។ ជាមួយគ្នានេះ ក៏មានមនុស្សបាត់ខ្លួនផងដែរ ប៉ុន្តែមិនច្បាស់ថា ប៉ុន្មាននាក់ឱ្យប្រាកដនោះទេ។

គួរបញ្ជាក់ថា ព្យុះត្រូពិច Nalgae មិនទាន់បោកបក់មកដល់ ប្រទេសហ្វីលពីនតែម្តងនៅឡើយទេ ដោយវាកំពុងបន្តដំណើរឆ្ពោះទៅ ភាគខាងជើងប្រទេសអាស៊ានមួយនេះ ខណៈអាជ្ញាធរការពារជនស៉ីវិលបានអះអាងថា មនុស្សជិត៥,០០០នាក់ ត្រូវបានជម្លៀសពី តំបន់ងាយរងគ្រោះបំណាក់ដី និងទឹកជំនន់នៅទីនោះ មុនពេលព្យុះ Nalgae ត្រូវគេរំពឹងថានឹងធ្វើដំណើរទៅដល់នៅខ្ទង់ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕