សម្ដេចតេជោ ផ្ដល់ឧបករណ៍សម្ភារៈសង្គ្រោះសម្រាប់គ្រោះមហន្ដរាយ ជូនយោធភូមិភាគទី៤ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

(សៀមរាប)៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ នៃខ.ភ.ម និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី  អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកអំណោយរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី  ដែលឧបករណ៍ សម្ភារៈ សង្គ្រោះគ្រោះមហន្ដរាយ ជូនដល់កងប្រតិបត្តិការរុករក និងសង្គ្រោះលេខ៧០៤ នៃយោធភូមិភាគទី៤ ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះធម្មជាតិនៅរដូវវស្សានេះ។

ឯកឧត្ដម ច័ន្ទ លំផាត់ មានប្រសាសន៍ថា ការផ្ដល់ជូនជាសម្ភារៈសង្គ្រោះគ្រោះមហន្ដរាយ ជូនដល់យោធភូមិភាគទី៤ នាពេលនេះ គឺដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ ឲ្យបានទាន់ពេលវេលា នៅក្នុងរដូវវស្សានេះ ព្រោះថាតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថានៅរដូវវស្សានេះ អាចនឹងមានឧបទ្ទវហេតុខ្យល់កន្ត្រាក់ និងមានជំនន់ទឹកភ្លៀង ដូច្នេះត្រូវត្រៀមខ្លួន និងយកចិត្ដទុកដាក់ហ្វឹកហ្វឺនឲ្យបានស្ទាត់ជំនាញ ជាពិសេស ត្រូវយកចិត្ដទុកដាក់ថែរក្សាសម្ភារៈសង្គ្រោះគ្រោះមហន្ដរាយទាំងអស់នេះឲ្យបានល្អ ព្រោះវាមានអត្ថប្រយោជន៍សំខាន់ខ្លាំងណាស់ សម្រាប់ជួយសង្គ្រោះអាយុជីវិត ក្នុងអំឡុងពេលដែលមានបញ្ហាកើតឡើង។

មានប្រសាសន៍ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ទោ សុក រីនណា នាយសេនាធិការ យោធភូមិភាគទី៤ បានសម្ដែងនូវអំណរគុណយ៉ាងធំធេងចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលផ្ដល់ឧបករណ៍សម្ភារៈសង្គ្រោះគ្រោះមហន្ដរាយ ជូនយោធភូមិភាគទី៤ នាពេលនេះ សម្រាប់កងកម្លាំងមានភាពលទ្ធភាពគ្រប់គ្រាន់ ក្នុងប្រតិបត្ដិការរុក និងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងគ្រោះមហន្ដរាយផ្សេងៗ កងកម្លាំងនឹងត្រៀមជួយអន្ដរាគមន៍ទៅតាមតំបន់ងាយរងគ្រោះដោយកត្ដាធម្មជាតិនានា ទៅតាមបទបញ្ជាថ្នាក់លើប្រគល់ជូន។