ឯកឧត្តម គន់ គីម៖ ខេត្តចំនួន១៦ និងពលរដ្ឋចំនួនជិត៣ពាន់គ្រួសារ ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ប្រភពពី BTV

ភ្នំពេញ៖ ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា មានខេត្តចំនួន១៦ និងប្រជាពលរដ្ឋចំនួនជិត៣ពាន់គ្រួសារ បានប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង រហូតមានប្រជាពលរដ្ឋខ្លះត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។

ថ្លែងប្រាប់BTV News នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ សីហា ឆ្នាំ២០២២ យោងតាមការព្យាការណ៍អំពីអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលប៉ុន្មានចុងក្រោយនេះបរិមាណទឹកភ្លៀចបានធ្លាក់រាយប៉ាយក្នុងក្របខណ្ឌទូទាំងប្រទេសចាប់ពីបំណាច់ខែកក្កដា ដល់ដើមខែសីហា ក្នុងកម្រិតពីមធ្យមទៅច្រើនជារៀងរាល់ថ្ងៃ។ 

ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តថា ស្របជាមួយការបើកបញ្ចេញទឹកពីអាងស្តុកទឹក និងវារីអគ្គិសនី​មួយ​ចំនួន និងបរិមាណទឹកភ្លៀង ​បានធ្វើឱ្យលិចលង់ជាបន្តបន្ទាប់នៅតាមបណ្តាខេត្តជាច្រើន ដូចជា តាម​តំបន់ឆ្នេរ តំបន់ភាគពាយ័ព្យ តំបន់ឦសាន និងមួយផ្នែកនៃតំបន់ទំនាបកណ្តាល។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា គិតត្រឹមថ្ងៃនេះ នៅទូទាំងប្រទេសមានខេត្តចំនួន១៦ និង​ប្រជាពលរដ្ឋជិត៣ពាន់គ្រួសារ និងដំណាំស្រូវប៉ះពាល់ជាង៤ម៉ឺនហិកតា។

បើទោះបីជំនន់ទឹកភ្លៀងមិនទាន់ស្ថិតក្នុងសភាព​ធ្ងន់ធ្ងរ ​ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បាន​ព្រមាន​ថា យោងតាមការព្យាករណ៍នារយៈពេល ២ខែបន្ទាប់ បរិមាណទឹកភ្លៀងនៅតែបន្តធ្លាក់​នៅ​ទូទាំងប្រទេស ហើយនឹងអាចប៉ះពាល់ធ្ងន់ធ្ងរជាងមុន ​ខណៈប្រភពទឹកមួយចំនួនធំ ពេញព្រាប និងទីវាលទឹកនៅបន្តមាន។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមថា ទោះស្ថិតក្នុងស្ថានភាពមិនធ្ងន់ដូចពេលនេះក្តី តាមរយៈការយក​ចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធាន​គណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ ​បានតាមដានជាប់ជាប្រចាំ និងបាន​ត្រៀម​លក្ខណៈសម្បត្តិជានិច្ច​ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន​ ក្នុងនាមជាប្រធាន បានបញ្ជាទៅ​កាន់​បណ្តាខេត្តក្រុងនៅទូទាំងប្រទេស ​ឱ្យត្រៀមខ្លួនជាស្រេចដោះស្រាយបញ្ហាជូនប្រជាជននៅមូលដ្ឋាន ដើម្បីពិនិត្យពីការលំបាក ​និងដោះស្រាយជូនប្រជាជនភ្លាមៗ។

ជាមួយគ្នានោះផងដែរ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ​ឯកឧត្តម ទេសរដ្ឋមន្រ្តី ​គន់ គីម ក៏បានត្រៀមកម្លាំងកងទ័ព​ ចំនួនទាំង១៦កង​ ជាកងប្រតិបត្តិការរុករក និងសង្គ្រោះ រួមទាំងក្រុមគ្រូពេទ្យថ្នាំ និងមធ្យោបាយប្រចាំការ​តាម​ដាន​សភាពការណ៍ និង​សម្របសម្រួល​ក្នុងកិច្ចប្រតិបត្តិការអន្តរាគមន៍​ ជាមួយលេខាធិការដ្ឋានគ្រោះមហន្តរាយ​ខេត្តត្រៀម​អន្តរាគមន៍ ​និងជម្លៀសប្រជាពលរដ្ឋទៅទីទួល​សុវត្ថិភាព រួមទាំងផ្សព្វផ្សាយសភាពការណ៍​ជូន​ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីហានិភ័យដោយសារទឹកជំនន់៕ 

អត្ថបទ៖ សេក ឧត្តម