ឯកឧត្តម គីម វីរៈ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត ដែលកំពុងហក់ឡើង

(រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១)៖ ដើម្បីត្រៀមខ្លួនឆ្លើយតប និងសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. និងជាអនុប្រធានក្រុមការងារសម្របសម្រួលជាមួយកងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ ដោយសហការជាមួយកងប្រតិបត្តិការរុករក និងសង្រ្គោះរបស់បញ្ជាការដ្ឋានទ័ពពិសេស ចុះត្រួតពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត ដែលកំពុងហក់ឡើង ហើយបណ្តាលឱ្យជន់លិចផ្ទះប្រជាពលរដ្ឋនៅភូមិសាស្រ្តភូមិដូនកុក និងភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមការឱ្យដឹងពីអជ្ញាធរមូលដ្ឋាននៅភូមិសាស្រ្តនេះ ជំនន់បានលិចផ្ទះប្រជាជនប្រមាណ ២១០គ្រួសារ និងប៉ះពាល់ដំណាំស្រូវចំនួន ១៣៥ហិកតាស្មើនឹង៥ភូមិ។ សម្រាប់ប្រជាពលរដ្ឋ ចំនួន ២១០គ្រួសារ ដែលរងការប៉ះពាល់ដោយទឹកជំនន់ នឹងបានទទួលអំណោយសង្រ្គោះបឋមជាស្បៀងអាហារពីអជ្ញាធរខណ្ឌកំបូល។

ក្នុងនាម ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គ.ជ.គ.ម. ឯកឧត្តម គីម វីរៈ បានឧបត្ថម្ភកម្លាំងកងប្រតិបត្តិការចំនួន ១៥នាក់ ដែលកំពុងឈរជើងប្រចាំការនៅទីនោះក្នុងម្នាក់ ៥០.០០០រៀលផងដែរ។