ឯកឧត្តម គីម វីរៈ ដឹកនាំក្រុមការងារ នាំយកសម្ភារៈសង្គ្រោះគ្រោះមហន្តរាយ មកប្រគល់ជូន កងសង្គ្រោះគ្រោះមហន្តរាយ នៃយោធភូមិភាគ១ ក្នុងខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំក្រុមការងារ នាំយកសម្ភារៈសង្គ្រោះគ្រោះមហន្តរាយ មកប្រគល់ជូន កងសង្គ្រោះគ្រោះមហន្តរាយ នៃយោធភូមិភាគ១ ក្នុងខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ បានពាំនាំយកការផ្តាំសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម ជូនចំពោះកងកម្លាំងសង្គ្រោះនៅយោធភូមិភាគ១ និងបានលើកទឹកចិត្តឱ្យកងកម្លាំង ធ្វើការហ្វឹកហ្វឺនជាប្រចាំ លើការប្រើប្រាស់សម្ភារៈសង្គ្រោះទាំងនេះ ដើម្បីត្រៀមក្នុងការឆ្លើយតបសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីដែលមានគ្រោះមហន្តរាយកើតឡើងជាយថាហេតុណាមួយ។

សម្ភារៈត្រូវបានដឹកជញ្ជូនដោយប្រើប្រាស់រថយន្តចំនួន ៣គ្រឿង របស់កងពលលេខ៩០ របស់កងទ័ពជើងគោក ដោយកម្លាំងចំនួន ៥នាក់។