ឯកឧត្តម គីម វីរៈ បានចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់នៅឃុំចំណោម និងឃុំសឿ ដើម្បីត្រៀមលក្ខណៈក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ

(ខេត្តបន្ទាយមានជ័យ)៖ រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដោយទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. ក្រុមការងារសម្របសម្រួលក្រុមប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ ដឹកនាំដោយ ឯកឧត្តម គីម វីរៈ និង ឯកឧត្តម ង៉ែត ចាន់ថុន ទីប្រឹក្សា គ.ជ.គ.ម. រួមជាមួយមេបញ្ជាការរង បញ្ជាការដ្ឋានទ័ពពិសេស មេបញ្ជាការ កងពលតូចថ្មើជើងលេខ៥១ និងមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត បានចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់នៅឃុំចំណោម និងឃុំសឿ នៃស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមលក្ខណៈទុកជាមុន ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋងាយរងគ្រោះ ដែលរហូតមកដល់ពេលនេះទឹកនៅបន្តកើនឡើងជាបន្តបន្ទាប់។

ក្រោមបទបញ្ជាផ្ទាល់ និងការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយគ្រប់បណ្តាអង្គភាព បានត្រៀមខ្លួនរួចជាស្រេច ប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីចេញជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា។