ឯកឧត្តម គីម វីរៈ ដឹកនាំមន្ត្រីជំនាញនៃកងប្រតិបត្តិការរុករក សង្គ្រោះគ្រោះមហន្តរាយ ចូលរួម ‹‹វគ្គបណ្តុះបណ្តាលវេទិកាតំបន់អាស៊ាន ស្តីពីការបង្កើនសមត្ថភាពរុករក និងជួយសង្គ្រោះ››

ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអនុប្រធានក្រុមការងារសម្របសម្រួលជាមួយ ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានចូលរួម ‹‹វគ្គបណ្តុះបណ្តាលវេទិកាតំបន់អាស៊ាន ស្តីពីការបង្កើនសមត្ថភាពរុករក និងជួយសង្គ្រោះ›› តាមប្រព័ន្ធអនឡាញ នៅទីស្នាក់ការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា។

ក្នុងវគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការរង, អនុប្រធាននាយកដ្ឋាន មន្ត្រីជំនាញ គ.ជ.គ.ម. , កងពលតូចអន្តរាគមន៍លេខ១, បញ្ជាការដ្ឋានវិស្វកម្ម, បញ្ជាការដ្ឋានការពារកោះឆ្នេរ, កងពលតូចលេខ៧០, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, និងបញ្ជាការដ្ឋានទ័ពពិសេស។

វគ្គបណ្តុះបណ្តាលនេះដែរ ត្រូវបានរៀបចំដោយប្រទេសចិន និងថៃ ដែលជាសហប្រធាន នៃវេទិកាតំបន់អាស៊ាន ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងចែករំលែក បទពិសោធន៍លើការងារគ្រប់គ្រងគ្រោះមហន្តរាយ និងបង្កើតយន្តការក្នុងតំបន់ សម្រាប់សហប្រតិបត្តិការក្នុងការងារជំនាញផ្នែករុករក និងជួយសង្គ្រោះ ជាពិសេសលើកកម្ពស់ ការកសាងសមត្ថភាពក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធំៗ។