ឯកឧត្តម ច័ន្ទ លំផាត់ ដឹកនាំមន្រ្តី ចូលរួមពិធីប្រគល់សម្ភារ:រុករកសង្គ្រោះគ្រោះមហន្តរាយ ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ ៧០៣ យោធភូមិភាគទី៣

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ច័ន្ទ លំផាត់ អនុប្រធាន គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំមន្រ្តី ចូលរួមពិធីប្រគល់សម្ភារ:រុករកសង្គ្រោះគ្រោះមហន្តរាយ ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ ៧០៣ យោធភូមិភាគទី៣ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ។

សម្ភារ:ទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ  ត្រូវបានបំពាក់ជូនកងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ លេខ ៧០៣  របស់បញ្ជាការដ្ឋានយោធភូមិភាគទី៣ ដែលមានកម្លាំងសរុប ១២០នាក់ ដើម្បីហ្វឹកហ្វឺន និងប្រើប្រាស់ក្នុងការត្រៀមឆ្លើយតប និងសង្រ្គោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយ កើតឡើងជាយថាហេតុ។

សម្ភារៈសង្គ្រោះមានដូចជា៖ ទូកម៉ាស៊ីនស្មាច់ចំនួន ១០គ្រឿង, ម៉ាស៊ីនបូមទឹក ២០គ្រឿង, ទុយោបូមទឹក៤០, តង់ចល័ត ២០តង់, វិទ្យុទាក់ទង ២គ្រឿង, ខ្សែពួរ ១០០ម៉ែត្រ, បាឡូដាក់សម្ភារៈ ២០សម្រាប់, អាវយឺតហ្វឹកហ្វឺន ១២០កំប្លេ, ឯកសណ្ឋាន ៣៤០ឈុត, មួកសុវត្ថិភាព ១២០មួក, មួកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១២០មួក, ពិលសម្រាប់មួកសុវត្ថិភាព ១២០គ្រឿង, ពិលដៃ ១០គ្រឿង, អាវពោង ២០០សម្រាប់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា តាមរយៈការហ្វឹកហ្វឺន និងការបំពាក់សម្ភារៈសង្គ្រោះនានានេះ គឺជាការបង្ហាញឱ្យឃើញនូវស្មារតីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក៏ដូចជាកងកម្លាំងទាំងអស់ ក្នុងការត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រតិបត្តិការសង្គ្រោះទាំងឡាយ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ដូច្នេះ «កងយោធពលខេមភូមិន្ទក្រៅពីតួនាទីភារកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព កងយោធពលខេមភូមិន្ទ ក៏មានតួនាទីភារកិច្ចក្នុងការចូលរួមសង្គ្រោះគ្រោះមហន្តរាយ ដែលកើតឡើងចំពោះប្រជាពលរដ្ឋរបស់យើង។ ក្រសួងការពារជាតិ និងអគ្គបញ្ជាការ បានដាក់ចេញបទបញ្ជាហើយថា គ្រប់កងឯកភាពត្រូវម្ចាស់ការចេញសង្គ្រោះទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់របស់ខ្លួនទទួលខុសត្រូវគ្រប់ពេលវេលា ហ្នឹងទី១។ ទី២ ក៏ត្រូវត្រៀមកម្លាំងជាប់ជានិច្ច ចេញសង្គ្រោះប្រជាពលរដ្ឋនៅតំបន់ផ្សេងតាមបទបញ្ជារបស់ថ្នាក់លើ»