ឯកឧត្តម ច័ន្ទ លំផាត់ អនុប្រធាន គ.ជ.គ.ម. ដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យសម្ភារៈសង្គ្រោះគ្រោះមហន្តរាយ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ

(ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងាររួមមាន ឯកឧត្តម មាស ម៉ារឌី (ទីប្រឹក្សា គ.ជ.គ.ម.) ឯកឧត្តម គីម វីរៈ (ទីប្រឹក្សា គ.ជ.គ.ម.) ឯកឧត្តម ឡៅ សុខហួរ (តំណាងលេខាធិការដ្ឋានគ្រោះមហន្តរាយក្រសួងការពារជាតិ) និងឯកឧត្តម អស់លោក មន្ត្រីពាក់ព័ន្ធមួយចំនួន អញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យសម្ភារៈសង្គ្រោះគ្រោះមហន្តរាយ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ដើម្បីត្រៀមក្នុងការឆ្លើយតបគ្រោះមហន្តរាយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការនៃបញ្ជាការដ្ឋានការពារកោះឆ្នេរ បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម ដែលតែងយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់បងប្អូននៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ដោយតែងបានចាត់តាំងប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកនូវស្បៀងមកផ្តល់ជូនជាប្រចាំ។

ឯកឧត្តម ក៏បានបញ្ជាក់ថា បងប្អូនកងកម្លាំងនៅទីនេះ តែងត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមសង្គ្រោះគ្រោះមហន្តរាយដែលកើតឡើងជាយថាហេតុ។

ក្នុងនាម បញ្ជាការដ្ឋាន ឯកឧត្តម មេបញ្ជាការ បានស្នើសុំនូវសម្ភារៈមួយចំនួន ដើម្បីសម្រួលដល់បេសកកម្មឆ្លើយតបសង្គ្រោះ។

ឯកឧត្តម ច័ន្ទ លំផាត់ បានពាំនាំការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី ជូនចំពោះ ឯកឧត្តម មេបញ្ជាការ និងកងកម្លាំងទាំងអស់ និងបានកោតសរសើរចំពោះកងកម្លាំង ដែលបានចូលរួមយ៉ាងសកម្មក្នុងការចល័តកម្លាំង ជួយក្នុងបេសកកម្មឆ្លើយតបសង្គ្រោះប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត ក្នុងឆ្នាំ២០២០ និងពេលកន្លងមក។ 

ឯកឧត្តម បានលើកទឹកចិត្តឱ្យកងកម្លាំងទាំងអស់ហ្វឹកហាត់ដុសខាត់ជំនាញឱ្យបានជាប្រចាំ ពិសេស ការចល័តកម្លាំងតាមផ្លូវអាកាសក្នុងករណីគ្រោះមហន្តរាយកើតឡើងនៅទីតាំង ដែលពុំអាចធ្វើដំណើរតាមផ្លូវគោក។ ឯកឧត្តម បានបន្ថែមថា ដោយសារកម្ពុជា កាន់តែមានការរីកចម្រើនលើគ្រប់វិស័យ ដូច្នេះ គ្រោះមហន្តរាយដោយមនុស្សក៏កើតមាន ពិសេស ការរលំបាក់អគារ ដែលតម្រូវឱ្យបងប្អូនកងកម្លាំងសង្គ្រោះ យកចិត្តទុកដាក់ពង្រឹងសមត្ថភាព លើការសង្គ្រោះទាំងគ្រោះមហន្តរាយដោយធម្មជាតិ និងដោយមនុស្ស។ ក្នុងពិធីនោះដែរ ជាការឆ្លើយតបទៅនឹងសំណើរបស់ ឯកឧត្តម មេបញ្ជាការ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. បានបញ្ជាក់ជូនថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី នឹងផ្តល់ជូនបញ្ជាការដ្ឋានការពារកោះឆ្នេរនូវ តង់ ចំនួន ២០ អាវពង ចំនួន ២០០អាវ និងសិក្សា លើការផ្តល់នូវនាវាសង្គ្រោះ ម៉ាស៊ីនបញ្ជូលបំពង់អុកស៊ីហ្សែន និងឧបករណ៍ ដែលចាំបាច់មួយចំនួនទៀត។