ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ជំរុញថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ផ្នែក នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តយកចិត្តទុកដាក់លើការងារគ្រោះមហន្តរាយ

កណ្តាល៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែ និងធ្វើបច្ចុប្បន្នភាពផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយ ទឹកជំនន់ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្ដម អនុប្រធាន, ឯកឧត្តម អគ្គលេខាធិការ, អគ្គលេខាធិការរង និងប្រធាននាយកដ្ឋាន។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក្នុងឱកាសដឹកនាំកិច្ចប្រជុំ បានវាយតម្លៃខ្ពស់ និងកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានប្រឹងប្រែងដោះស្រាយការលំបាក និង បានអនុវត្តការងារបានច្រើនគួរឱ្យកត់សម្គាល់។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានជំរុញឱ្យនាយកដ្ឋាននីមួយៗ ត្រូវរៀបចំផែនការសកម្មភាព ជាពិសេសត្រូវពង្រឹងទំនាក់ទំនងល្អ ជាមួយកាកបាទក្រហមកម្ពុជា, គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូនានា ដើម្បីរួមគ្នាត្រៀមធ្វើការឆ្លើយតបក្នុងរដូវវស្សានេះ ព្រោះថា ‹‹ការងារគ្រោះមហន្តរាយនេះ ជារឿងចាំបាច់ណាស់សម្រាប់ប្រទេស ក៏ដូចលើពិភពលោក ព្រោះកត្តាធម្មជាតិមានការប្រែប្រួលកាន់តែខ្លាំង។ ដូច្នេះយើងត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីយើងជួយប្រជាជនឋបានទាន់ពេលវេលាពេលមានគ្រោះធម្មជាតិវាយប្រហារ››។