(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយលើកទី៩ ដែលប្រទេសសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រី ទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយនៃបណ្តាប្រទេសជាសមាជិកអាស៊ាន។
តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់អាយុជីវិត និងការរងទុក្ខសោក នៃប្រជាជនរងគ្រោះបណ្តាលមកពីជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិនានា ដែលកើតមាននៅក្នុងប្រទេសជាសមាជិកអាស៊ាន ក៏ដូចជានៅក្នុងប្រទេសដទៃទៀត នៅទូទាំងពិភពលោក។
ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកត់សម្គាល់ដោយក្តីបារម្ភជាខ្លាំងអំពីស្ថានភាពបច្ចុប្បន្ន គឺពោរពេញទៅដោយភាពមិនប្រាកដប្រជា ដោយសារមេរោគកូវីដ-១៩ បានបន្តវិវត្តន៍ និងបំប្លែងខ្លួនថ្មីឥតឈប់ឈរ និងកំពុងឆ្លងរាលដាលយ៉ាងខ្លាំង នៅតាមបណ្តាប្រទេសនានា ក៏ដូចជានៅកម្ពុជា។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់នៅចំពោះមុខរដ្ឋមន្ត្រីអាស៊ានថា ដោយឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ និងការយកចិត្តទុកដាក់ជាចម្បងចំពោះសុខភាពសាធារណៈ និងការជួយសង្រ្គោះអាយុជីវិតប្រជាជន រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលដឹកនាំផ្ទាល់ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើន ដែលមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់បន់បែន ទៅតាមសភាពការណ៍ និងទីតាំងភូមិសាស្រ្តជាក់ស្តែង។ វិធានការយុទ្ធសាស្រ្តគន្លឹះ គឺកំណត់យកការចាក់វ៉ាក់សាំងជូនប្រជាជនដោយឥតគិតថ្លៃ និងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត សំដៅបង្កើតឱ្យមានភាពសុំានៅក្នុងសហគមន៍។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការចូលរួមរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយប្រទេសសមាជិកអាស៊ានផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងថា ឈរលើស្មារតី សាមគ្គីភាព និងភាពជាដៃគូជាមួយអាស៊ាន ក្នុងការផ្តល់ជំនួយមនុស្សធម៌ កម្ពុជាបានបរិច្ចាគថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក តាមរយៈមជ្ឈមណ្ឌលអាហារ និងការបរិច្ចាគថវិកាដោយផ្ទាល់ចំនួន ២០ម៉ឺនដុល្លារអាមេរិក រួមជាមួយឧបករណ៍វេជ្ជសាស្ត្រ សំខាន់ៗ ដើម្បីគាំទ្រប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺ កូវីដ-១៩។
ដោយឡែកកាកបាទក្រហមកម្ពុជា បានចូលរួមក្នុងបុព្វហេតុនេះដោយបាន បរិច្ចាគថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក ដល់សមាគមជាតិកាកបាទក្រហមមីយ៉ាន់ម៉ា។ ជាមួយនេះដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់ជំនួយមនុស្សធម៌ជាម៉ាស់ ឧបករណ៍ ដើម្បីការពារជំងឺកូវីដ១៩ ដល់ប្រទេសវៀតណាម, ឡាវ, មីយ៉ាន់ម៉ា, នេប៉ាល់ និងបង់ក្លាដែសផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រចំពោះតួនាទីរបស់មជ្ឈមណ្ឌលអាហារ ដែលបំពេញភារកិច្ចជាអ្នកប្រតិបត្តិជួរមុខនៅប្រទេសមីយ៉ាន់ម៉ា និងជួយសម្របសម្រួលលើការផ្តល់ជំនួយមនុស្សធម៌នៅនឹងកន្លែង ដោយផ្តោតលើវិធានការសង្គ្រោះជីវិតមនុស្សបន្ទាន់ និងតួនាទីដ៏សំខាន់របស់អគ្គលេខាធិការអាស៊ាន ក្នុងនាមជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់របស់សហគមន៍ ដែលរងផលប៉ះពាល់នៅប្រទេសមីយ៉ាន់ម៉ា។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានអបអរសាទរ និងកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិន និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ដែលបានឯកភាពលើសំណើរបស់ចិន ស្តីពីការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន សម្រាប់កិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងគ្រោះអាសន្ននៅខេត្តក្វាងស៊ី។