(កំពង់ធំ)៖ នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងឃុំត្នោតជុំ ស្រុកបារាយណ៍ និងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។
ដំណើរអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់នេះ ក៏មានការអញ្ជើញចូលរួមដោយមន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ក្រុមការងារលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលរងខេត្ត អភិបាលស្រុក និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត។
តាមរបាយការណ៍របស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឱ្យដឹងថា ស្រុកតាំងគោក ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានធ្វើឲ្យប៉ះពាល់ និងខូចខាតដំណាំស្រូវចំនួន ៧ឃុំ ស្មើននឹង ៩៦៦ហិកតា។ ក្នុងនោះខូចខាតចំនួន ៤៩៩ហិកតា ស្មើនឹង ៥៨៣គ្រួសារ។
ដោយឡែកស្រុកបារាយណ៍ ប៉ះពាល់ការបង្កបង្កើនផលស្រូវរបស់ប្រជាកសិករចំនួន ៨៤១ហិកតា។ ក្នុងនោះស្រូវស្រាលបង្កើនរដូវ ៤៨៦ហិកតា និងស្រូវធ្ងន់ ៣៥៥ហិកតា។ បើសិនជាពុំមានភ្លៀងធ្លាក់បន្តទៀតទេនោះ ផលប៉ះពាល់ និងការខូចខាតអាចតិចជាងនេះ ព្រោះទឹកបានហូរស្រកទៅតាមប្រព័ន្ធប្រឡាយទឹកជាបណ្តើៗហើយនោះ។
ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី គន់ គីម បានកោតសសើរដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីទឹកជំនន់ទឹកភ្លៀង។
លោកទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយត្រៀមបម្រុង និងមានវិធានការឆ្លេីយតបឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ហើយផ្តោតជាអាទិភាពចំពោះអាយុជីវិតមនុស្ស៕