(ភ្នំពេញ)៖ ពីខេត្តបន្ទាយមានជ័យ ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គ្រោះទឹកជំនន់បណ្តាលមកពីទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ខេត្តចំនួន៤ មានសភាពធ្ងន់ធ្ងរ។ ខេត្តទាំង៤នោះរួមមាន៖ បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ និងសៀមរាប។
លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ ប៉ះពាល់ក្រុង-ស្រុកចំនួន៥, ឃុំ-សង្កាត់ចំនួន២៦។ ប៉ះពាល់ប្រជាពលរដ្ឋ ៧,៤៩១គ្រួសារ ជម្លៀសទៅទីទួលសុវត្ថិភាព ២៩៧គ្រួសារ។ ប៉ះពាល់ស្រូវ ២៦,៧២៣ហិកតា និងលិចដំណាំរួមផ្សំ ១,០២៣ហិកតា។ លិចសាលារៀនចំនួន៤១ និងវត្ត ២២កន្លែង។
ខេត្តឧត្តរមានជ័យ ប៉ះពាល់ក្រុង-ស្រុកចំនួន៤, ឃុំ-សង្កាត់ចំនួន៨ និងប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ៥២០គ្រួសារ។ លិចស្រូវប្រមាណ ៩៧ហិកតា និងដំណាំរួមផ្សំប៉ះពាល់ ៣២៦ហិកតា។
ខេត្តកំពង់ធំ ប៉ះពាល់ក្រុង-ស្រុកចំនួន៩, ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ៣,០៩១គ្រួសារ និងជម្លៀសទីទួលសុវត្ថិភាពប្រមាណ ២៤២គ្រួសារ។
ខេត្តសៀមរាប ប៉ះពាល់ក្រុង-ស្រុកចំនួន៨, ឃុំ-សង្កាត់ចំនួន៤១។ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ៥,៨៧២គ្រួសារ និងប៉ះពាល់ស្រូវប្រមាណ ១៩,១៩១ហិកតា។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោលើការងារគ្រោះមហន្តរាយ បានឱ្យដឹងដែរថា ចំពោះមុខនៃគ្រោះធម្មជាតិនេះ មន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តរងគ្រោះ បានចុះពិនិត្យ និងតាមដានស្ថានភាពជាប់ជាប្រចាំ។ ជាមួយគ្នានេះអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ មានភាពម្ចាស់ការ និងសកម្មក្នុងការដោះស្រាយបញ្ហារៀងៗខ្លួន។
បន្ថែមពីលើនោះ រាជរដ្ឋាភិបាល ក៏បានបញ្ចេញកញ្ចប់ស្បៀងបម្រុងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ប្រមាណ ៥០០គ្រួសារនៅក្នុងខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យផងដែរថា ទាំងរូបលោក និងមន្ត្រីពាក់ព័ន្ធទាំងអស់ កំពុងតាមដានជាប់ជាប្រចាំចំពោះការវិវឌ្ឍន៍អាកាសធាតុ ហើយបើមិនមានភ្លៀងធ្លាក់បន្តទៀតទេនោះ ស្ថានភាពទឹកជំនន់ក្នុងខេត្តទាំង៤ អាចនឹងថមថយទៅវិញ៕