ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម បំពាក់សម្ភារៈជូនកងកម្លាំង ទីបញ្ជាការដ្ឋានអង្គរក្ស ត្រៀមប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកនូវសម្ភារៈ និងឧបករណ៍ជាច្រើន ជូនទៅកងកម្លាំងទីបញ្ជាការដ្ឋានអង្គរក្ស ទុកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ។

ការផ្តល់សម្ភារៈ និងឧបករណ៍ជាការគិតគូរ និងត្រៀមលក្ខណៈសម្បត្តិទុកជាមុនសម្រាប់កងកម្លាំង ក្នុងការចុះអន្តរាគមន៍ក្នុងករណីកម្ពុជាកើតគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិក្នុងរដូវវស្សានេះ។

ពិធីប្រគល់សម្ភារៈ និងឧបករណ៍សង្គ្រោះគ្រោះមហន្តរាយត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហង្ស សាមឿន អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងអគ្គលេខាធិការរង និងទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស, ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មាការកិច្ចការបរទេស សហប្រតិបត្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានអង្គរក្ស ក្នុងនាម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានរំលឹកពីការពីការដឹកនាំបញ្ជាផ្ទាល់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម លើកម្លាំងអន្តរាគមន៍ពិសេស ចល័តប្រយុទ្ធរហ័សទាន់ពេលវេលា ទាំងអាវុធធន់ធ្ងន់ ក្នុងពេលប៉ះទង្គិចតាមបណ្តោយព្រំដែន និងការចូលរួមការពារសន្តិសុខសង្គម។

ជាមួយគ្នានេះក្នុងដំណាក់កាលជួបវិបត្តិកូវីដ១៩នេះ កងកម្លាំងនាយទាហានពលទាហាននៃបញ្ជាការដ្ឋាន អង្គរក្សចំនួន ៣,០០០នាក់ បានចេញប្រតិបត្តិការដោយប្រឈមក្នុងតំបន់មាត់ជ្រោះតំបន់ក្រហម ដោយបានដឹកជញ្ជូន លី វេចខ្ចប់ លើកដាក់ស្បៀងអាហារគ្រប់បែបយ៉ាងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី។

ពាក់ព័ន្ធការងារគ្រោះមហន្តរាយវិញ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ បានឱ្យដឹងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្លាប់បានបញ្ជូនមន្ត្រីជំនាញ និងបានផ្តល់ជូនសម្ភារៈ ឧបករណ៍ដល់បញ្ជាការដ្ឋានអង្គរក្ស ដើម្បីម្ចាស់ការ ក្នុងការត្រៀមប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ក្នុងពិធីចែកសម្ភារៈ បរិក្ខារ សម្រាប់បង្ការ ទប់ស្កាត់ និងសង្រ្គោះគ្រោះមហន្តរាយ ដែលជាអំណោយ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅបញ្ជាការដ្ឋានអង្គរក្សនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងកោតសរសើរចំពោះសកម្មភាព របស់កងកម្លាំង នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់ ក្នុងការដឹកជញ្ជូនស្បៀងអាហារ និងសម្ភារៈផ្សេងៗ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ បញ្ហាកូវីដ១៩ មិនថានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា «សកម្មភាពរបស់នាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស នាពេលកន្លងមក ក៏ដូចសព្វថ្ងៃនេះ គឺមិនអាចកាត់ថ្លៃបាននោះឡើយ។ ពួកគេបានខិតខំលើកដាក់ ដឹកជញ្ជូន ទាំងយប់ទាំងថ្ងៃនូវស្បៀងអាហារ និងសម្ភារៈជាច្រើនទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានបិទខ្ទប់ដោយសារបញ្ហាកូវីដ១៩។ តាមរយៈសកម្មភាពទាំងនេះ គឺជាការបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា នាយទាហាន ពលទាហានទាំងអស់ពិតជាស្រលាញ់ប្រជាពលរដ្ឋ និងគិតគូរ អំពីសុខភាពរបស់ប្រជាពលរដ្ឋ ដូចអ្វីដែលរាជរដ្ឋាភិបាល បាននឹងកំពុងធ្វើ»

ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានបន្តក្រើនរំលឹកដល់កងកម្លាំងឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតី ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរាល់គ្រោះអាសន្នទាំងអស់ រួមទាំងការងារគ្រោះមហន្តរាយផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងរំលឹកយ៉ាងដូច្នេះ «ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយវាក៏ជា សមរភូមិមួយផងដែរ។ សមរភូមិនេះ ក៏មានសារៈសំខាន់ណាស់ ព្រោះថាយើងត្រូវជួយដល់អាយុជីវិត របស់ជនរងគ្រោះ។ គ្មានអ្វីសំខាន់ជាងអាយុជីវិតនេះទេ ដូច្នេះពេលចូលសមរភូមិសង្គ្រោះនេះ យើងជាអ្នកសង្គ្រោះត្រូវតែតាំងចិត្ត និងប្តេជ្ញាជម្នះរាល់ការលំបាកទាំងឡាយដោយស្វាហាប់បំផុត ដើម្បីសម្រេចគោលដៅចម្បងរបស់យើង គឺត្រូវតែជួយយកអាយុជីវិតជនរងគ្រោះឱ្យបាន»

ជាមួយគ្នានោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានជំរុញដល់នាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្សទាំងអស់ បន្តខិតខំកិច្ចការងាររបស់ខ្លួន ឱ្យបានល្អបន្ថែមទៀត ជាពិសេស សកម្មភាពចុះជួយប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារបញ្ហាកូវីដ១៩ និងគ្រោះមហន្តរាយផ្សេងៗ ទៀត។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់នាយទាហាន ពលទាហានទាំងអស់ ត្រូវបន្តអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដោយត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលាទាំងអស់នូវិធាន «៣ការពារ និង៣កុំ» ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ១៩ ទៅខ្លួនឯង គ្រួសារ និងសហគមន៍។ សូមបញ្ជាក់ថា សម្ភារៈ និងឧបករណ៍សម្រាប់សង្គ្រោះគ្រោះមហន្តរាយ ដែលបានប្រគល់ជូនទៅកងកម្លាំង នៃទីបញ្ជាការដ្ឋានអង្គរក្សរួមមាន៖ ឯកសណ្ឋាន ៣៦០ឈុត, មួកសុវត្ថិភាព ១២០សម្រាប់, ពិលដៃ ១០គ្រឿង, ពិលសម្រាប់មួកសុវត្ថិភាព ១២០គ្រឿង, មួក ១២០សម្រាប់, អាវយឺតហ្វឹកហ្វឺន ១២០កំប្លេ, បាឡូដាក់សម្ភារៈ ១២០សម្រាប់, ទូកស្មាច់ និងម៉ាស៊ីន ១០គ្រឿង, អាវពោងសុវត្ថិភាព ២០០អាវ, ម៉ាស៊ីនភ្លើងចល័ត ២គ្រឿង, តង់ចល័តសម្រាប់ប្រជាជន ២០សម្រាប់, ម៉ាស៊ីនបូមទឹក ២០គ្រឿង, ទុយយូម៉ាស៊ីនបូមទឹក ៤០ឈុត, ខ្សែពួ ១,០០០ម៉ែត្រ និងវិទ្យុទាក់ទង ២គ្រឿង៕