ឯកឧត្តម ហង្ស សាមឿន ដឹកនាំកិច្ចប្រជុំសម្របសម្រួល រវាង គ.ជ.គ.ម. និងអង្គការដៃគូអភិវឌ្ឍន៏ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហង្ស សាមឿន ទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. នាព្រឹកថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល រវាង គ.ជ.គ.ម. និងអង្គការដៃគូនៅកម្ពុជាដើម្បីត្រៀមឆ្លើយតបគ្រោះមហន្តរាយក្នុងរដូវវស្សា ដោយមានការចូលរួមពី សហប្រធាន និងសមាជិកទាំងអស់នៃ HRF, JAG និងសមាជិកគម្រោង PPC តាមប្រព័ន្ធអនឡាញ។

មានប្រសាសន៏បើកនាឱកាសនោះ ឯកឧត្តម ហង្ស សាមឿន បាន ធ្វើការវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសរបស់ គ.ជ.គ.ម. ដែលដឹកនាំដោយ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. និងជានាយកគម្រោង ដែលសហការជាមួយក្រុមការងារ HRF, JAG និង PPC ដែលបានខិតខំប្រឹងប្រែងរៀបចំកិច្ចប្រជុំនេះឡើង ដែលជាការសមស្របបំផុត ដែលបម្រើជាគុណប្រយោជន៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសម្រាប់ពេលបច្ចុប្បន្ន និងអនាគត រវាងគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងអង្គការដៃគូ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ច នឹង បរិស្ថានដែលបង្កឡើងដោយមុខសញ្ញាគ្រោះថ្នាក់ដោយធម្មជាតិ និងដោយមនុស្សហើយក៏ជាការប្រយុទ្ធនឹងហានិភ័យនៃគ្រោះមហន្តរាយ។

ឯកឧត្តម បន្តថា តាមរយៈប្រព័ន្ធអនឡាញ យើងនៅតែអាចជួបប្រជុំពិគ្រោះយោបល់ ក៏ដូចជាអនុវត្តនូវសកម្មភាពការងារចាំបាច់ផ្សេងៗ។ នៅអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ គួរអោយកត់សម្គាល់ មិនត្រឹមតែក្នុងទិដ្ឋភាពសន្តិសុខ និងនយោបាយ ថែមទាំងសេដ្ឋកិច្ច និងសង្គមផងដែរ។ ក្នុងឆ្នាំ ២០២០ នៅពេលទឹកជំនន់ កំពុងវាយប្រហារខ្លាំង គ.ជ.គ.ម. ដោយសហការជាមួយ HRF និង JAG បានចុះទៅកាន់ ខេត្តគោលដៅ ដែលរងគ្រោះធ្ងន់ធ្ងរ ដើម្បីធ្វើការប៉ាន់ប្រមាណអំពីផល់ប៉ះពាល់ និងតម្រូវការរបស់ប្រជាជន។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានបង្កើតឡើងជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដើម្បីដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា។ ឯកឧត្តម ហង្ស សាមឿន  បានបន្ថែមថា ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសម្រាប់ការកាត់បន្ថយ ហានិភ័យនៃគ្រោះមហន្តរាយ ត្រូវបានពង្រីកយ៉ាងទូលំទូលាយ ហើយមានស្ថាប័នជាច្រើន រួមមានស្ថាប័នរាជរដ្ឋាភិបាល និងអង្គការដៃគូ បានធ្វើការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ហើយក្រសួងស្ថាប័នសំខាន់ៗកាន់តែទទួលយកនូវការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយបញ្ជូលទៅក្នុងផែនការ និងកម្មវិធីរបស់ខ្លួន។ អង្គការដៃគូ ត្រូវបានចាត់ទុកជាដៃគូសំខាន់ក្នុងការដោះស្រាយគ្រប់ដំណាក់កាល នៃការគ្រប់គ្រងគ្រោះមហន្តរាយ។

ឯកឧត្តម អនុប្រធាន (គ.ជ.គ.ម) បានរំលឹកថា នាពេលថ្មីៗនេះ នាយកដ្ឋានជំនាញ ដោយសហការជាមួយ អង្គការកម្មវិធីស្បៀងអាហារពិភពលោក បើកវគ្គបណ្តុះបណ្តាល ស្ដីពី «ការពង្រឹងសមត្ថភាពសម្រាប់ត្រៀមឆ្លើយតបសង្គ្រោះបន្ទាន់ទឹកជំនន់›› ជូន ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តយខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សំង្កាត់ នៅតាមបណ្ដាខេត្តនៅតាមដងទន្លេមេគង្គ ជុំវិញបឹងទន្លេសាប ដើម្បីរំលឹកឡើងវិញចំណេះដឹងមូលដ្ឋាន ស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការអនុវត្តសាកល្បងប្រើប្រាស់ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ នឹងប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM)។ កិច្ចប្រជុំនាពេលនេះ មានគោលបំណងសំខាន់ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងការសម្របសម្រួលលើការអនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការត្រៀមរៀបចំ និងការឆ្លើយតបសង្គ្រោះបន្ទាន់ និងដើម្បីធ្វើឱ្យល្អប្រសើរឡើងនូវការចែករំលែកព័ត៌មាន ធនធាននិងការគ្រប់គ្រងចំណេះដឹង ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។