ឯកឧត្តម ហង្ស សាមឿន អញ្ជើញចូលរួមជាអធិបតីក្នុង ពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកទេស សង្គ្រោះគ្រោះមហន្តរាយកង៧០៦ របស់យោធភូមិភាគពិសេស

ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១៖ ឯកឧត្តម ហង្ស សាមឿន អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាទីប្រឹក្សាសម្តេច តេជោនាយករដ្ឋមន្រ្តី តំណាងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. អញ្ជើញចូលរួមជាអធិបតីក្នុង ‹‹ពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកទេស សង្គ្រោះគ្រោះមហន្តរាយកង៧០៦ របស់យោធភូមិភាគពិសេស››។ ដែលបានហ្វឹកហ្វឺន រយៈពេល១៩ថ្ងៃ នៅទីបញ្ជាការ យោធភូមិភាគពិសេស។

វគ្គហ្វឹកហ្វឺន ត្រូវបានប្រព្រឹត្តធ្វើឡើងរយៈពេល ១៩ថ្ងៃ ចាប់ពីថ្ងៃទី៦-២៦ ខែធ្នូ ឆ្នាំ២០២១ ដោយមានសិក្ខាកាមជាយោធារបស់យោធភូមិភាគពិសេស ចំនួន១២០នាក់ ដោយ មានមេរៀនទ្រឹស្តី សរុបចំនួន ១២មេរៀន អនុវត្តន៍លើទីវាល ៥មេរៀន និងសមយុទ្ធ យុទ្ធដំណើរទ័ព ១លើក មានរយៈពេល ២យប់ ៣ថ្ងៃ ហើយបានរៀបចំបិទវគ្គ។

មេបញ្ជាការយោធភូមិភាគពិសេស បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. ដែលបានផ្តល់សម្ភារៈ គ្រឿងបំពាក់ និងមធ្យោបាយដល់កងកម្លាំងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៦ របស់យោធភូមិភាគពិសេសនេះ ដើម្បីត្រៀមបំពេញភារកិច្ចជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយ តាមបទបញ្ជារបស់ថ្នាក់លើឱ្យទទួលបានលទ្ធផលល្អ។

ឯកឧត្តម ហង្ស សាមឿន តាងនាម នាយឧត្តមសេនីយ៍ គន់ គីម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតី យកចិត្តទុកដាក់របស់មេបញ្ជាការយោធភូមិភាគពិសស ដែលបានរៀបចំកម្មវិធីហ្វឹកហ្វឺននេះឡើង ដើម្បីជាការត្រៀមបម្រុងដ៏ល្អប្រសើរសម្រាប់ ការឆ្លើយតបគ្រោះមហន្តរាយ ពិសេសដោយទឹកជំនន់។

ឯកឧត្តម បានសង្ឃឹមថាតាមរយៈការហ្វឹកហ្វឺននាពេលកន្លងមកនឹងផ្តល់នូវលទ្ធផល និងប្រសិទ្ធភាពអាចកែប្រែទិដ្ឋភាពខ្វះខាតនៃសមត្ថភាព រុករកសង្គ្រោះរបស់យើងកន្លងមក សម្រាប់ការឆ្លើយតបបានឆាប់រហ័ស ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ។