រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអគ្គលេខាធិការ បានដឹកនាំកិច្ចប្រជុំ ស្តីពីការអនុម័តលើផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបគ្រោះអាសន្ន របស់រដ្ឋបាលរាជធានីភ្នំពេញ តាមប្រព័ន្ធអនឡាញ។
កិច្ចប្រជុំត្រូវបានអញ្ជើញចូលរួមដោយ អភិបាលរងរាជធានីភ្នំពេញ អភិបាលខណ្ឌ មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងតំណាងក្រសួង-ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធមួយចំនួន។
គូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំនូវផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្ន របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានដាក់ប្រជុំឆ្លងជាមួយក្រុមការងារបច្ចេកទេសរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាបន្តបន្ទាប់។
ក្នុងកិច្ចប្រជុំនារសៀលនោះ ឯកឧត្តម ឡាំ ហេងហួត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានកោតសរសើរចំពោះ រដ្ឋបាលរាជធានីភ្នំពេញ នូវស្មារតីយកចិត្តទុកដាក់រៀបចំផែនការនេះឡើង និងបានអនុម័តលើសេចក្តីព្រាងចុងក្រោយនៃផែនការ។
ឯកឧត្តម ក៏បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើបច្ចុប្បន្នភាពផែនការនេះ ឱ្យបានទៀងទាត់រៀងរាល់ឆ្នាំឱ្យស្របតាមស្ថានភាពជាក់ស្តែង ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។