ឯកឧត្តម ឡាំ ហេងហួត ដឹកនាំក្រុមការងារ ចុះពិនិត្យការជន់លិចនៅសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ

ល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំក្រុមការងារ ចុះពិនិត្យការជន់លិចនៅចំណុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ក្នុងភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមផងដែរពី ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ទោ យិន ជំនិត និងអាជ្ញាធរមូលដ្ឋាន។

ក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ ចំនួន ០៥គ្រឿង ដីខ្សាច់ជាច្រើនឡាន សហការជាមួយកម្លាំងបញ្ជាការដ្ឋានកងអង្គរក្ស បញ្ជាការដ្ឋានយោធភូមិភាគពិសេស អាជ្ញាធរមូលដ្ឋាន និងសាលារាជធានីភ្នំពេញ កំពុងបន្តការងារអន្តរាគមន៍យ៉ាងសកម្ម ខិតខំបិទផ្ចិតចំនុចទំនប់បាក់នេះ ដើម្បីបញ្ជៀសហានិភ័យ គ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

យោងតាមរបាយការណ៍បឋមរបស់រដ្ឋបាលខណ្ឌដង្កោ និងខណ្ឌកំបូល គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ខណ្ឌទាំង២មានផលប៉ះពាល់សរុបដូចខាងក្រោម៖

– ប៉ះពាល់ ១១សង្កាត់ (ខណ្ឌដង្កោ ១០សង្កាត់ និងខណ្ឌកំបូល ១សង្កាត់)

– ប៉ះពាល់ប្រជាជន ៣,១៩៩គ្រួសារ ស្មើប្រមាណ ១១,៣៩៩នាក់

– ផ្ទះប្រជាជនប៉ះពាល់ ២,៩៦៣ខ្នង

– ផ្ទៃដីស្រូវវស្សាប៉ះពាល់ ១៣៥ហិកតា