ឯកឧត្តម ឡាំ ហេងហួត បានទទួលជួប ប្រធាននាយកដ្ឋានសង្គ្រោះ និងអភិវឌ្ឍន៍ នៃអង្គការភីនប្រចាំនៅសាធារណរដ្ឋឆេក

នារសៀលថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានទទួលជួបប្រតិភូរបស់អង្គការភីន (PIN) ដឹកនាំដោយ លោក យ៉ាន ម៉កវិច្ឆិកា ប្រធាននាយកដ្ឋានសង្គ្រោះ និងអភិវឌ្ឍន៍ នៃអង្គការភីនប្រចាំនៅសាធារណរដ្ឋឆេក ដើម្បីមកទស្សនកិច្ច និងសម្ដែងការគួរសម នៅទីស្ដីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឡាំ ហេងហួត  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការភីន ដែលតែងតែគាំទ្រដល់ គ.ជ.គ.ម. ក្នុងសកម្មភាពនានា ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា ជាពិសេសការសហការគាំទ្រទាំងបច្ចេកទេស សម្ភារៈ និងថវិកា ទៅលើប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ព្រមទាំងប្រព័ន្ធវាស់កម្ពស់ទឹកស្វ័យប្រវត្តិទេពមច្ឆាផងដែរ។

លោក យ៉ាន ម៉កវិច្ឆិកា ប្រធាននាយកដ្ឋានសង្គ្រោះ និងអភិវឌ្ឍន៍ នៃអង្គការភីន បានបញ្ជាក់ថា អង្គការភីន នឹងបន្តជួយគាំទ្រ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីពង្រឹង និងធ្វើឱ្យកាន់តែល្អប្រសើរឡើងនូវប្រព័ន្ធផ្តល់ដំណឹងជាមុន ១២៩៤ និងឧបករណ៍វាស់កម្ពស់ទឹកទេពមច្ឆា ព្រមទាំងគាំទ្រលើសកម្មភាពផ្សេងៗទៀត ពាក់ព័ន្ធ ការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅកម្ពុជា ទាំងនៅកម្រិត ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងនៅមូលដ្ឋានសហគមន៍។