ឯកឧត្តម ឡាំ ហេងហួត អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើក ‹‹សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការប៉ាន់ប្រមាណតម្រូវការក្រោយគ្រោះមហន្តរាយ (PDNA) និងក្របខ័ណ្ឌស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ (DRF) លើវិស័យដឹកជញ្ជូន››

រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១៖ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើក ‹‹សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការប៉ាន់ប្រមាណតម្រូវការក្រោយគ្រោះមហន្តរាយ (PDNA) និងក្របខ័ណ្ឌស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ (DRF) លើវិស័យដឹកជញ្ជូន››។

សិក្ខាសាលា ត្រូវបានសហការរៀបចំដោយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង UNDP តាមប្រព័ន្ធអនឡាញ (Zoom) ក្នុងគោលបំណងផ្តល់មូលដ្ឋានគ្រឹះនៃវិធីសាស្ត្រ PDNA និង DRF និងពិភាក្សាអំពីភាពស៊ាំជាក់លាក់ក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍជំនាញនិងអនុញ្ញាតឱ្យមានការពិភាក្សាស៊ីជម្រៅនៅក្នុងវិស័យផ្លូវថ្នល់នៅកម្ពុជា ដោយមានសមាសភាពចូលរួមសរុប ៧៣រូប មកពីក្រសួងស្ថាប័នពាក់ព័ន្ធ និងខេត្តគោលដៅមួយចំនួន។

គូសបញ្ជាក់ថា បន្ទាប់ពីអនុម័តលើគម្រោងផ្ដល់ជំនួយបច្ចេកទេសសម្រាប់បង្កើនចំណេះដឹង និងផ្ដល់ការគាំទ្រ (KSTA) ដែលមានឈ្មោះថា គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធដែលធន់ទៅនឹងគ្រោះមហន្តរាយ តាមរយៈការបង្កើនចំណេះដឹងរួចមក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុវត្តលទ្ធផលរំពឹងទុកទី៣ “សមត្ថភាពស្ដារឡើងវិញ ដែលធន់ទៅនឹងគ្រោះមហន្តរាយ ត្រូវបានបង្កើន”។

លទ្ធផលរំពឹងទុកទី៣ នឹងពង្រឹងសមត្ថភាពនៅកម្ពុជា ដើម្បីធានាឱ្យមានការកំណត់វិធានការ បង្កើនភាពធន់ទៅនឹងគ្រោះមហន្តរាយសមស្រប និងយកវិធានការទាំងនេះយកទៅអនុវត្ត ក្នុងអំឡុងពេលត្រៀមរៀបចំកិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញ មុនពេលដែលគ្រោះមហន្តរាយកើតមានឡើង និងកិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញ ក្រោយពេលពេលគ្រោះមហន្តរាយបានកើតឡើង។ សកម្មភាពដែលអនុវត្តក្រោមគម្រោងនេះ នឹងផ្ដោតលើការគាំទ្រដល់ការបណ្ដុះបណ្ដាលអំពី PDNA ដល់មន្ត្រីរដ្ឋាភិបាល ដោយផ្តោតការយកចិត្តទុកដាក់លើវិស័យដឹកជញ្ជូន ការប្រើប្រាស់ផែនការបម្រុង និងឧបករណ៍ស្ដារឡើងវិញ ការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ត្រៀមឆ្លើយតបឱ្យបានកាន់តែប្រសើរ ដើម្បីជួយរ៉ាប់រងចំណាយបន្ថែមនានា សម្រាប់ការកសាងឡើងវិញឱ្យកាន់តែប្រសើរ និងសមត្ថភាពអនុវត្តថវិកាក្រោយគ្រោះមហន្តរាយកើតឡើងប្រកបដោយប្រសិទ្ធភាព។