ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ផ្ញើសារអបអរសាទរ និងគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព-Order of Friendship» ពីប្រធានាធិបតីរុស្ស៉ី វ្លាឌីមៀរ ពូទីន

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ សម្តែងនូវការអបអរសាទរ រំភើបរីករាយ និងមោទនភាពដ៏ក្រៃលែងក្នុងឱកាសដ៏មហាមង្គល ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានឯកឧត្តម វ្លាឌីមៀរ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី ផ្តល់ជូនគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព (Order of Friendship) កាលពីថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២១ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមវិសេសវិសាល ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានពង្រឹងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា-សហព័ន្ធរុស្ស៊ី នាពេលកន្លងមក។

គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋ នៃសហព័ន្ធរុស្ស៉ី ដែលត្រូវបានបង្កើតឡើងដោយ លោក Boris Yeltsin អតីតប្រធានាធិបតីរុស្ស៉ី តាមរយៈក្រឹត្យលេខ ៤៤២ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ១៩៩៤ ដើម្បីផ្តល់ឲ្យជនជាតិរុស្ស៉ី ឬជនជាតិដទៃទៀត ដែលខិតខំលើកស្ទួយ ចំណងមិត្តភាព ជាមួយប្រជាជន និងប្រទេសរុស្ស៉ី។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា ការទទួលបានគ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមខាងលើនេះ គឺពិតជាសក្តិសមនឹងកិត្តិនាមដ៏ថ្លៃថ្លា វិសេសវិសាលនៃ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងបេសកកម្មទំនាក់ទំនងអន្តរជាតិ ដែលជាបេសកកម្ម ជាប្រវត្តិសាស្ត្រ ក្នុងការលើកកម្ពស់កិត្យានុភាពនិងកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនខ្មែរទាំងមូល ដោយស្មើភាពនិងស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនានាទាំងក្នុងតំបន់និងទូទាំងសកលលោក។

ប្រជាជនខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា ពិតជាមានមោទនភាព និងជំនឿទុកចិត្ត ប្រកបដោយ សេចក្តីគោរពដឹងគុណ ដ៏ជ្រាលជ្រៅ ចំពោះបេសកកម្មជាប្រវត្តិសាស្ត្រដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានបំពេញជាឧត្តមប្រយោជន៍ជាតិ។

ក្នុងឱកាសប្រកបដោយមោទនភាពនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ និងទសបារមីនៃវត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា សម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជាក្នុងអាណត្តិទី៦ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងការដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកវឌ្ឍនភាពក្នុងអាណត្តិបន្តបន្ទាប់ទៀត។