ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១

យោងតាម ឯកឧត្តម អភិបាលខេត្ត ព្រឹកនេះពុំមានភ្លៀងធ្លាក់ទេ ស្ថានភាពនៅស្រុកម៉ាឡៃ មានការធូរស្រាល។ ប៉ុន្តែ នៅប៉ោយប៉ែតទឹកហក់ឡើង ៤តឹកនៅអូរ ដោយទឹកធ្លាក់ពីថៃ ដោយប្រជាជន ៩៧គ្រួសារ ដែលត្រូវបានជម្លៀសពីម្សិលម៉ិញ កំពុងស្ថិតនៅទួលសុវត្ថិភាពនៅឡើយ។

នៅស្រុកមង្គលបូរីទឹកស្ទឹងបន្តឡើង ដោយនៅប៉ែកខាងលិចភូមិសាស្រ្តស្រុកទឹកបានពេញវាល មានការប៉ះពាល់ដំណាំស្រូវមួយចំនួន និងប្រជាពលរដ្ឋ ១៤គ្រួសារ ត្រូវបានជម្លៀសទៅ ទីទួលសុវត្ថិភាព។

នៅក្រុងសិរីសោភណ័មានប្រជាពលរដ្ឋដែលរស់នៅអមមាត់ស្ទឹង ៤០គ្រួសារ ក៏ត្រូវបានជម្លៀសឡើងទួលសុវត្ថិភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម បាននឹងកំពុងប្រចាំការនៅខេត្តបន្ទាយមានជ័យ ដើម្បីតាមដានត្រួតពិនិត្យ និងដឹកនាំបញ្ជាកងកម្លាំង ដើម្បីសង្គ្រោះប្រជាជនរងគ្រោះ និងដោះស្រាយស្បៀងបន្ទាន់។