ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្រោមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ លេខ ៧០៤ របស់យោធភូមិភាគទី៤ បាននឹងកំពុងចល័ត តង់ចំនួន ២០ឈុត និងកម្លាំង ១៥នាក៎ ចេញដំណើរពីខេត្តសៀមរាប ឆ្ពោះទៅគោលដៅខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ម៉ូ សឿម នាយរងសេនាធិការ ដើម្បីត្រៀមសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង។
ទន្ទឹមនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានណែនាំទៅកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយទាំង១៦កង ឱ្យត្រៀមលក្ខណៈ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការសង្គ្រោះប្រជាពលរដ្ឋក្នុង ករណីមានគ្រោះមហន្តរាយកើតឡើង ក្នុងគោលដៅគ្រប់រាជធានី-ខេត្ត ជាពិសេសជំនន់ទឹកភ្លៀង ដែលអាចកើតមានតាមការជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម។