(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់អ្នកចូលរួមទាំងអស់ ក្រោកឈរស្មិងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់កុមារា កុមារី ស្លាប់បាត់បង់ជីវិតដោយសារការលិចទូក នៅស្រុកលើកដែក ខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព។
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណ យ៉ាងជ្រាលជ្រៅថ្វាយព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី សម្តេចម៉ែ ដែលបានប្រោសព្រះរាជទាន ព្រះរាជទ្រព្យរំលែកមរណទុក្ខជាមួយគ្រួសារសព និងថ្លែងអំណរគុណ ចំពោះសប្បុរសជនទាំងអស់ ដែលបានជួបឧបត្ថម្ភដល់គ្រួសារនៃសព ដែលជាការចូលរួមរំលែកនូវការលំបាក។
សម្តេចនាយករដ្ឋមន្ត្រីបានកោតសរសើរ ចំពោះអាជ្ញាធរខេត្តកណ្តាល ក៏ដូចជាកម្លាំងប្រដាប់អាវុធទាំងអស់ និងលោក គន់ គីម អនុប្រធានទី១ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចូលរួមដឹកនាំប្រតិបត្តិការផ្ទាល់ លើការស្វែងរកសាកសពកុមារ ក្នុងឧបទ្ទវហេតុលិចទូក។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកឧបទ្ទវហេតុលិចទូកនេះ គឺជាឧបទ្ទវហេតុដ៏គួរឲ្យសោកស្តាយ នៅក្នុងឆ្នាំ២០២២នេះ សម្រាប់កម្ពុជា បន្ទាប់ពីយុទ្ធជន២នាក់ ដែលបានពលីកម្មអាយុជីវិតរបស់ខ្លួនឯង ដើម្បីសង្គ្រោះជីវិតកុមា២រូប។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ដូចបងប្អូនជនរួមជាតិ បានដឹងហើយថា យើងមានសោកនាដកម្មមួយ ដែលបានកើននៅស្រុកលើកដែក ខេត្តកណ្តាល ដែលជាឧបទ្ទវហេតុនៃការលិចទូក ដែលធ្វើឲ្យកុមារា កុមារី ១១នាក់រងគ្រោះស្លាប់ ដូច្នេះខ្ញុំព្រះករុណាខ្ញុំ សុំសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនដែលបានចូលរួមនៅទីនេះ អញ្ជើញក្រោកឈរឡើងរួមជាមួយខ្ញុំ ដើម្បីស្មិងស្មាធិ៍គោរពនូវវិញ្ញាណក្ខន្ធ ចំពោះកុមារា កុមារី ដែលបានបាត់បង់ជីវិត គោរព!»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា «នេះជាហេតុការណ៍ដែលយើងស្មានមិនដល់ ដោយសារតែនៅទីនោះកន្លងទៅមិនដែលលិច បើលិចក៏វាទាប តែលើកនេះវាបានកើត ហើយបើនិយាយពីក្របខណ្ឌអាស៊ានរបស់យើង បីប្រទេសផ្ទួនៗគ្នា ចាប់ផ្តើមពីឥណ្ឌូនេស៊ី ឧប្បត្តិហេតុរត់ជាន់គ្នាដែលធ្វើឲ្យមនុស្សជាង១០០នាក់ស្លាប់ ដែលក្នុងនោះមានកុមារជិត៤០នាក់។ បន្ទាប់ទៅ ការបាញ់ប្រហារ នៅក្នុងមជ្ឈមណ្ឌលចិញ្ចឹម ថែទាំកុមារនៅប្រទេសថៃ ដែលធ្វើឲ្យមនុស្សស្លាប់រហូតដល់៣៨នាក់។ បន្ទាប់ពីនោះមក មកដល់យើងការលិចទូក ដែលនេះជាការដាស់តឿនយើង នៅពេលរដូវទឹកឡើងយ៉ាងដូច្នេះ តម្រូវឲ្យអាជ្ញាធរគិតគូរ យកចិត្តទុកដាក់ពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ»។
សូមជម្រាបថា សោកនាដកម្មលិចទូកចម្លងមួយគ្រឿង លើដៃទន្លេមេគង្គពីភូមិអំពិលទឹ កទៅកាន់ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល កាលពីព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានផ្ដាច់ជីវិតកូនសិស្ស មានអាយុចន្លោះពី១២-១៥ឆ្នាំ ចំនួន១១នាក់ ក្នុងចំណោមជនរងគ្រោះ១៩នាក់ (សិស្សសាលា១៥នាក់, អ្នកបើកទូកម្នាក់, កម្មករទូកម្នាក់ និងប្រជាពលរដ្ឋ២នាក់)៕