(សៀមរាប)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយលោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវ និងគ្រឿងឧបភោគបរិភោគជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលទទួលរងការខូចខាតដោយគ្រោះទឹកជំនន់ ហើយមានលទ្ធភាពស្ដារឡើងវិញ ដើម្បីធ្វើការដាំដុះ បន្ទាប់ពីទឹកបានស្រក និងផ្ដល់ជូនគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដែលពុំមានលទ្ធភាពស្ដារឡើងវិញ ដើម្បីយកទៅដោះស្រាយជីវភាពប្រចាំថ្ងៃនៅខេត្តសៀមរាប។
ពិធីនេះក៏មានការចូលរួមពីលោកស្រី ម៉ននី រង្សី និងគណៈប្រតិភូក្រសួងជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ផងដែរ។
លោក ឡាំ ហេងហួត បានថ្លែងថា ប្រជាពលរដ្ឋដែលបានទទួលពូជស្រូវ និងគ្រឿងឧបភោគបរិភោគ មានចំនួនសរុប ២,៤០៧គ្រួសារ ស្មើនឹងពូជស្រូវសរុប ១៣៧តោន ក្នុងនោះដែរ ១,២៥៩គ្រួសារ មកពីឃុំចំនួន០៦ ក្នុងស្រុកក្រឡាញ់ ស្មើនឹងពូជស្រូវចំនួន ១១២.២៥តោន ចំណែកឯក្នុងស្រុកពួក មកពីឃុំចំនួន០៤ មានចំនួន ២៩៥គ្រួសារ ស្មើនឹងពូជស្រូវចំនួន ២៤.៧៥តោន ព្រមទាំងប្រជាពលរដ្ឋដែលទទួលបានគ្រឿង ឧបភោគបរិភោគមានចំនួន ៨៥៣គ្រួសារ រួមមាន អង្ករ មី ត្រីខ ទឹកបរិសុទ្ធ ទឹកត្រី និងទឹកស៊ីអ៊ីវ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ បានណែនាំដល់អាជ្ញាធរតាមខេត្តនានា ឲ្យចាត់ចែងចែកស្បៀង និងថវិកាជូនពលរដ្ឋរងគ្រោះ ដោយមិនចាំបាច់រង់ចាំវត្តមានសម្តេចនោះទេ។
ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញ ពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំអំពាវនាវឲ្យគ្រប់ខេត្តទាំងអស់ កុំរង់ចាំវត្ដមានរបស់ខ្ញុំ ចាប់ផ្ដើមទទួលបានអង្ករ ទទួលបានលុយហើយ នាំធ្វើទៅ ដើម្បីដោះស្រាយបញ្ហា ប្រជាពលរដ្ឋរបស់យើង»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដំបូងគិតថាធម្មតានូវបញ្ហាទឹកជំនន់ ប៉ុន្ដែដោយសារទឹកវាស្រកយឺត ដល់តែទឹកស្រកយឺត វាធ្វើឲ្យខូតស្រូវ និងដំណាំផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះត្រូវស្ដារឡើងវិញ និងការខ្វះខាតស្បៀង ក៏ត្រូវខិតខំដោះស្រាយជាមួយគ្នាផងដែរ៕