(ភ្នំពេញ)៖ ប្រតិបត្តិការរុករកសពក្មេងប្រុសម្នាក់ដែលបាន់ខ្លួន ក្នុងឧបទ្ទវហេតុលិចទូក នៅស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានបញ្ចប់ហើយ ដោយសពក្មេងប្រុសម្នាក់ចុងក្រោយ ត្រូវបានកម្លាំងសមត្ថកិច្ចរុករកឃើញហើយ នៅម៉ោងប្រមាណ៦ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ។
សពក្មេងប្រុសចុងក្រោយដែលរកឃើញនេះ មានឈ្មោះ មាស សុវណ្ណរាជ អាយុ ១៤ឆ្នាំ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានកើតមានករណីលិចទូកដ៏តក់ស្លុតមួយ ពេលពួកគេឆ្លងទូកចេញពីសាលាទៅកាន់លំនៅឋានរបស់ពួកគេ នៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ប្រជាពលរដ្ឋបានអះអាងថា ទីតាំងដែលលិចទឹកនេះ នៅរដូវប្រាំងទឹកគោកប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ទៅមកបាន។ ក្នុងរដូវវស្សាពីរ៣ឆ្នាំកន្លងមកនេះ មិនដែលមានលិចបែបនេះឡើយ។ ទើបតែរដូវវស្សាឆ្នាំនេះ ទឹកបានឡើងលិចបង្កើតជាឧបសគ្គសម្រាប់ការធ្វើដំណើ របស់ពលរដ្ឋលើលើកោះចម្រើន។ បើតាមប្រជាពលរដ្ឋទីតាំងដែលទូកលិចនោះ មានជម្រៅប្រមាណប្រមាណតែ៣ម៉ែត្រប៉ុណ្ណោះ។
ក្រោយពេលកើតហេតុភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងនគរបាលចុះរុករក ជនរងគ្រោះទាំងយប់។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាឱ្យអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយលោក គីម រីរៈ អគ្គលេខាធិការ នាំកម្លាំងចុះទៅសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ជួយរុករកក្មេងជួបគ្រោះលិចទូកចម្លងនៅក្នុងខេត្តកណ្តាលទាំងយប់ផង។
ក្នុងប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ទោ គីម សុផារុណ នាយរងសេនាធិការចម្រុះ និងជាអនុប្រធានកងប្រតិបត្តិការសង្គ្រោះ និងរុករក ក៏បានដឹកនាំកម្លាំងចូលរួមក្នុងប្រតិបត្តិការនេះផងដែរ។
សម្រាប់កិច្ចអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះដោយសារលិចទូកនេះ អង្គភាពគយ និងរដ្ឋាករសាខាខេត្តកណ្ដាល ក្រោមបញ្ជារបស់លោក អន ស៊ីនួន ក៏បានបញ្ចេញអ៊ូប័រ និងកម្លាំងរបស់លោកជាច្រើននាក់ ដើម្បីជួយសង្រ្គោះ និងដឹកអ្នកជួយសង្រ្គោះ ដឹកថ្នាក់ដឹកនាំផងដែរ ដែលនេះជាការសហការចូលរួមជួយរបស់អង្គភាពគយសាខាខេត្តកណ្ដាល ក្រោយទទួលដំណឹងភ្លាមៗ ពីអភិបាលស្រុកលើកដែកអំពីការលិចទូកដរនេះ៕