ទេសរដ្ឋមន្ត្រី គន់ គីម បន្តនាំស្រូវពូជជិត ៤០០តោន ជូនកសិករនៅសៀមរាប និងលើកបង្ហាញបទបញ្ជាបន្ទាន់របស់សម្តេចតេជោ លើការងារស្តារការដាំដុះឡើងវិញ
(សៀមរាប)៖ អនុវត្តន៍មិនឱ្យបទបញ្ជាធ្លាក់ដល់ដីនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម សេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រោះមហន្តរាយ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២នេះ បន្តនាំយកស្រូវពូជជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដើម្បីដាំដុះឡើងវិញក្រោយពេលទឹកស្រក។ ពិធីចែកស្រូវពូជនេះ ក៏មានការអញ្ជើញចូលរួមដោយ លោកបណ្ឌិត សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប មន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក លោកស្រី ជាអភិបាលរងអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធក្នុងខេត្តមួយចំនួនទៀត។ របាយការណ៍បានបង្ហាញថា ស្រូវពូជដែលបានយកទៅចែកជូនប្រជាកសិករនេះ មានចំនួន ៣៧៧តោន ត្រូវបានចែកជូនប្រជាកសិករ ២,៥៩៤គ្រួសារ មកពីស្រុកស្រីស្នំ និងស្រុកក្រឡាញ់។ ក្នុងពិធីនោះ ក្រៅពីចែកស្រូវពូជហើយ ក៏មានការផ្តល់ជាជំនួយសង្គ្រោះបន្ទាន់ ជូនពលរដ្ឋរងគ្រោះ ១,០០០ គ្រួសាមកពី ១០ឃុំ ក្នុងស្រុកក្រឡាញ់។ គ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកសុទ្ធ ១កេសធំ និងថវិកា ២០,០០០រៀល។ …