ព័ត៌មានជាតិ
អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកវិទ្យាព័ត៌មានភូមិសាស្ត្រ (GIS) សម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានបើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកវិទ្យាព័ត៌មានភូមិសាស្ត្រ (GIS) សម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨-៣០ ខែកក្កដា ឆ្នាំ២០២១ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ផ្តល់នូវចំណេះដឹងជាមួលដ្ឋាន នៃបច្ចេកវិទ្យាព័ត៌មានភូមិសាស្រ្ត និងប្រព័ន្ធប្រមូលព័ត៌មានពីចម្ងាយ (Remote Sensing) សម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ នៃក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន សរុប ១៥នាក់។ គូសបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលខាងលើ ត្រូវបានរៀបចំឡើង ដោយគោរពទៅតាម គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយក្នុងបន្ទប់រៀន កំណត់ត្រឹមចំនួន ១៥នាក់ មានការធ្វើអនាម័យត្រឹមត្រូវ និងមានការធ្វើតេស្តរហ័ស ស្វែងរកកូវីដ-១៩លើសិក្ខាកាមនិងគ្រូឧទ្ទេស មុនពេលចូលបន្ទប់រៀន។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ផ្ញើសារអបអរសាទរ និងគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព-Order of Friendship» ពីប្រធានាធិបតីរុស្ស៉ី វ្លាឌីមៀរ ពូទីន
(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ សម្តែងនូវការអបអរសាទរ រំភើបរីករាយ និងមោទនភាពដ៏ក្រៃលែងក្នុងឱកាសដ៏មហាមង្គល ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានឯកឧត្តម វ្លាឌីមៀរ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី ផ្តល់ជូនគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព (Order of Friendship) កាលពីថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២១ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមវិសេសវិសាល ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានពង្រឹងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា-សហព័ន្ធរុស្ស៊ី នាពេលកន្លងមក។ គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋ នៃសហព័ន្ធរុស្ស៉ី ដែលត្រូវបានបង្កើតឡើងដោយ លោក Boris Yeltsin អតីតប្រធានាធិបតីរុស្ស៉ី តាមរយៈក្រឹត្យលេខ ៤៤២ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ១៩៩៤ ដើម្បីផ្តល់ឲ្យជនជាតិរុស្ស៉ី ឬជនជាតិដទៃទៀត ដែលខិតខំលើកស្ទួយ ចំណងមិត្តភាព ជាមួយប្រជាជន និងប្រទេសរុស្ស៉ី។ …