(កំពង់ធំ)៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដើម្បីជួយស្តារជីវភាពរបស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ឡើងវិញនោះ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាំស្រូវពូជប្រមាណ ១០០តោន ជាប្រភេទស្រូវស្រាល មិនប្រកាន់រដូវជូនប្រជាកសិករ ១,៤២៦គ្រួសារមកពីឃុំចំនួន៥មាន ៖ឃុំឈូក ឃុំគោល ឃុំសំបូរ ឃុំស្រើង ឃុំតាំងក្រសាំង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ស្រូវពូជនេះជាជំនួយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានផ្តល់ជូនជាបន្ទាន់ដល់ប្រជាកសិករអាទិភាពមាន ដីអាចស្តារឡើងវិញបាន ក្នុងចំណោមគ្រួសារដែលមានដំណាំស្រូវ រងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក។
ថ្លែងក្នុងពិធីនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ជាសេនាធិការជូនសម្តេចតេជោនាយករដ្ឋមន្ត្រី បានពាំនាំនូវការសាកសួរសុខទុក្ខ ការយកចិត្តទុកដាក់ ក្តីនឹករលឹក និងក្តីអាណិតស្រលាញ់ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅជូនប្រជាពលរដ្ឋ និងអាណិតស្រលាញ់ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ។
ពិធីនេះមានការចូលរួមពីតំណាងមន្ត្រីជាន់ខ្ពស់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ព្រមទាំងអាជ្ញាធរខេត្តកំពង់ធំផងដែរ។
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល កម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានធ្វើការណែនាំពីបច្ចេកទេសដាំដុះសំខាន់ដូចជាការការរៀបចំដី និងការប្រើប្រាស់គ្រាប់ពូជស្រូវឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីអាចដាំដុះឡើង វិញបានទាន់ពេលវេលា និងបានទិន្នផលខ្ពស់។
លោកទេសរដ្ឋមន្ត្រីក៏បានកោតសរសើរដល់សកម្មភាពសស្រាក់សស្រាំ កន្លងមករបស់អាជ្ញាធរខេត្ត ស្រុក ឃុំ និងភូមិក្នុងការងារជួយប្រជាពលរដ្ឋពេលទឹកលិចកន្លងមក ។
បន្ថែមពីនោះលោកទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់មេឃុំ ដែលទទួលបានទំនុក ចិត្តពីប្រជាពលរដ្ឋនាពេលបោះឆ្នោតកន្លងមក សូមបន្តបម្រើដល់ប្រជាពលរដ្ឋដោយមិនប្រកាន់ និន្នាការ ដរាប ណាពួកគាត់ រងគ្រោះដោយទឹកជំនន់និងមានតំរូវការជាក់ស្តែង។ លោកក៏បានសង្កត់ធ្ងន់ទៀតថា មេឃុំនេះ គឺជាមេឃុំរបស់ប្រជាពលរដ្ឋ ត្រូវបម្រើប្រជាពលរដ្ឋ ដើម្បីតប ស្នងចំពោះទំនុកចិត្តដែលប្រជាពលរដ្ឋបានផ្តល់ជូន។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានស្នើឱ្យអាជ្ញាធរ ខេត្ត ស្រុក ឃុំ សហការនឹងក្រសួងស្ថាប័នជំនាញ ពាក់ព័ន្ធបន្តចុះវាយតម្លៃតម្រូវការដើម្បីដាក់ចេញនូវសកម្មភាពជាក់ស្តែង ពេលទឹកកំពុងបន្តស្រក ជាបន្តបន្ទាប់ ដែលនេះគឺជាទិសដៅយុទ្ធសាស្ត្រអាទិភាពចំបងមួយដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការស្តារជីវភាព ប្រជាពលរដ្ឋរងគ្រោះឡើងវិញបន្ទាន់។ ក្រៅពីនេះការងារអនាម័យសំអាតបរិស្ថានក្នុងសហគមន៍ ក្នុងពេលទឹកកំពុងស្រក និងក្រោយពីទឹកស្រកក៏ជាការងារអាទិភាពផងដែរដែលលោកទេសរដ្ឋមន្ត្រី បាន ស្នើដល់អាជ្ញាធរពាក់ព័ន្ធនិងសហគមន៍ចូលរួមអនុវត្តដើម្បីការពារជំងឺដង្កាត់នានាបង្កដោយបរិស្ថានមិនស្អាត។
ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី ក៏បានរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសូមកុំ ឆកល្វែងជាមួយបញ្ហាកូវីដ-១៩ ហើយត្រូវស្វះស្វែងរកចាក់វ៉ាក់សាំងបន្តទៀត ព្រោះកូវីដ-១៩ មិនដែល ភ្លេចយើងទេ។ ទោះបីរាជរដ្ឋាភិបាល ទទួលបានជោគជ័យលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តែការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាកត្តាគន្លឹះចាំបាច់មិនអាចខានបាន៕