នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ចុះបំពាក់សម្ភារៈជូនកម្លាំងរបស់យោធភូមិភាគពិសេស កងពលតូចអន្តរាគមន៍លេខ១៤ យោធភូមិភាគទី៥ និងកងពលធំអន្តរាគមន៍លេខ២

ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គ.ជ.គ.ម. អមដំណើរដោយ ឯកឧត្តម អគ្គលេខាធិការ  អគ្គលេខាធិការរង និងទីប្រឹក្សា បានអញ្ជើញចុះសួរសុខទុក្ខ និងបំពាក់សម្ភារៈសង្គ្រោះគ្រោះមហន្តរាយ ជូនដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ របស់យោធិភូមិភាគពិសេស កងពលតូចអន្តរាគមន៍លេខ១៤ យោធិភូមិភាគទី៥ និងកងពលធំអន្តរាគមន៍លេខ២។ ក្នុងពិធីនេះដែរក៏មានចូលរួមពី មេបញ្ជាការ មេបញ្ជការរង នាយទាហាន ពលទាហាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

សម្ភារ:ទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានបំពាក់ជូនកងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយរបស់អង្គភាពខាងលើ ដើម្បីហ្វឹកហ្វឺន និងប្រើប្រាស់ក្នុងការត្រៀមឆ្លើយតប និងសង្រ្គោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយកើតឡើងជាយថាហេតុ។

ក្នុងដំណើរចុះសួរសុខទុក្ខ និងបំពាក់សម្ភារៈសង្រ្គោះគ្រោះមហន្តរាយ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានយកនូវពាក្យពេចន៍កោតសរសើររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកម្លាំងសង្គ្រោះទាំងអស់ ដែលបានធ្វើសកម្មភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹករបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកងកម្លាំង។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមដានជាប់ជានិច្ចចំពោះសុខទុក្ខ និងការលំបាករបស់ពលរដ្ឋរងគ្រោះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្ថែមថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនដែលបំភ្លេច ឬទុកប្រជាពលរដ្ឋរូបណាចោលនោះឡើយ បើទោះបី សម្តេចទាំងទ្វេរ មិនទាន់បានចុះមកដល់ដោយផ្ទាល់ តែសម្តេចបានដាក់បទបញ្ជាដាច់ណាត់ដល់រូប ឯកឧត្តម និងអាជ្ញាធរក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាកទាំងនេះ។

ក្នុងពិធីនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានឱ្យដឹងផងដែរថា ដើម្បីត្រៀមលក្ខណៈប្រយុទ្ធនឹងគ្រោះមហន្តរាយ រំដោះអាយុជីវិតពលរដ្ឋនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំរចនាសម្ព័ន្ធសង្គ្រោះមួយច្បាស់លាស់នៅតាមយោធភូមិភាគទាំង៦ និងបណ្តាអង្គភាពមួយចំនួន ហើយបានបើកការហ្វឹកហ្វឺនបង្កើនសមត្ថភាពសង្គ្រោះ ព្រមទាំងបានបំពាក់សម្ភារៈ និងឧបករណ៍ចាំបាច់ផ្សេងៗក្នុងប្រតិបត្តិការសង្គ្រោះនេះផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ងាយរងគ្រោះដោយទឹកជំនន់ ជាពិសេសប្រជានេសាទ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុក្នុងរដូវវស្សានេះ។ ត្រូវតាមដានឱ្យជាប់នូវព័ត៌មានព្រមានជាមុនពីស្ថានភាពអាកាសធាតុ និងសេចក្តីជូនដំណឹងផ្សេងៗរបស់ក្រសួងជំនាញ និងប្រព័ន្ធផ្សព្វផ្សាយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រៀមលក្ខណៈជាមុនបានទាន់ពេលវេលា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់អាជ្ញាធរនៅតាមមូលដ្ឋានទាំងអស់ ដែលសុទ្ធសឹងជាខ្សែបណ្តោយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនោះ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធក្នុងការផ្សព្វផ្សាយព័ត៌មានគ្រោះមហន្តរាយជូនប្រជាពលរដ្ឋ និងត្រូវត្រៀមលក្ខណៈសម្បត្តិ ដើម្បីជួយសង្គ្រោះពួកគេពេលមានគ្រោះមហន្តរាយកើតឡើង។

រូបភាពនៅយោធភូមិភាគពិសេស ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១

រូបភាពនៅកងពលតូចអន្តរាគមន៍លេខ១៤ ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១

រូបភាពនៅយោធភូមិភាគទី៥ រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១

រូបភាពនៅកងពលធំអន្តរាគមន៍លេខ២ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១