(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានក្រើនរំលឹកដល់កងទ័ពថា ក្រៅតែពីកិច្ចការស្នូលលើការងារត្រៀមប្រយុទ្ធ បម្រើប្រយុទ្ធ និងប្រយុទ្ធហើយនោះ កងទ័ពក៏មានតួនាទីសំខាន់ក្នុងការងារសង្គ្រោះគ្រោះមហន្តរាយផងដែរ។ ក្នុងន័យនេះលោកមេបញ្ជាការកងទ័ពជើងគោក ក្រើនរំលឹកកងទ័ពទាំងអស់ត្រៀមលក្ខណៈសង្គ្រោះគ្រោះមហន្តរាយ គ្រារដូវវស្សាការគំរាមគ្រោះមហន្តរាយឈានចូលមកដល់។
ការក្រើនរំលឹករបស់មេបញ្ជាការកងទ័ពជើង បានធ្វើឡើងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ និងវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី៦ របស់បញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ។
កងទ័ពបានក្លាយទៅជាកម្លាំងប្រតិបត្តិការដ៏ពិសេសក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរាល់ពេលជួបគ្រោះមហន្តរាយនានា ជាពិសេសពេលមានទឹកជំនន់។ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺននេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា កងទ័ពមានតួនាទីសំខាន់ក្នុងបេសកម្មសង្គ្រោះគ្រោះមហន្តរាយ ដូចជាគ្រោះទឹកជំនន់ និងការបាក់រលំអគារ ជាដើម។
លោកបានលើកឡើងថា នេះការហ្វឹកហ្វឺនជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ និងជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះដែលរៀបចំឡើងនេះ មានសារៈសំខាន់ក្នុងការបណ្តុះបណ្តាលបំប៉នឱ្យកងទ័ពមានជំនាញច្បាស់លាស់លើផ្នែកបច្ចេកទេស និងស្តង់ដារប្រតិបត្តិការ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការបំពេញភារកិច្ចអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល នៅពេលមានគ្រោះមហន្តរាយកើតឡើង។
លោកមេបញ្ជាការវ័យពោរពេញដោយថាមពលជាអ្នកដឹកនាំរូបនេះ ក៏បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រផ្នែកការងារធានា ដើម្បីបង្កលក្ខណៈដល់ការអនុវត្តភារកិច្ចហ្វឹកហ្វឺនរបស់បញ្ជាការដ្ឋានទ័ពពិសេស។
លោក ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកឧបត្ថម្ភទាំងផ្នែកស្មារតី ថវិកា និងសម្ភារ របស់បណ្តាប្រទេសជាមិត្ត, អង្គភាពជាដៃគូ និងក្រសួង-ស្ថាប័នសម្ព័ន្ធមេត្រីភាព ក៏ដូចជាសប្បុរសជនទាំងអស់ ដែលពិតជាបានជួយបង្កើនលទ្ធភាពរបស់អង្គភាពលើការសម្រួលដោះស្រាយតម្រូវការចាំបាច់ក្នុងការងារហ្វឹកហ្វឺន និងតម្រូវការប្រចាំថ្ងៃផ្សេងៗរបស់អង្គភាព៕