ស្ថានភាពទឹកជំនន់តាមបណ្តោយស្ទឹងសែននៃខេត្តព្រះវិហារបានចាប់ផ្តើមស្រកទៅវិញបណ្តើរៗហើយ ដោយសារតែរយៈពេលប៉ុន្មានថ្ងៃនេះមិនមានភ្ញៀងធ្លាក់ជាបន្តបន្ទាប់ឡើយ។
លោក ចាប កុយ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមនៃខេត្តព្រះវិហារ បានមានប្រសាសន៍ថា បន្ទាប់ពីខេត្តព្រះវិហារ ទទួលរងភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំងជាប់គ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានធ្វើឱ្យទឹកស្ទឹងសែនហក់ឡើងខ្លាំងលើសពីកម្រិតប្រកាសអាសន្នទៅទៀត ដែលគិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ស្ថានភាពទឹកស្ទឹងសែនខេត្តព្រះវិហារមានកម្ពស់១២,១២ម៉ែត្រ ដែលស្ថិតនៅក្នុងកម្រិតមួយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តព្រះវិហារមិនមានភ្ញៀងធ្លាក់ជាបន្តទៀតនោះឡើយ ដែលនឹងជួយធ្វើឱ្យកម្ពស់ទឹកស្ទឹងសែនមិនបន្តហក់ឡើងទៀតនោះឡើយ ។
លោកបានបន្តថា បើទោះបីស្ថានភាពទឹកកំពុងស្ថិតនៅក្នុងកម្រិតមួយដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក៏ពិតមែន ប៉ុន្តែមិនបានធ្វើឱ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋនោះឡើយ ខណៈដែលអាជ្ញាធរពាក់ព័ន្ធ បាននិងកំពុងខិតខំតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ។
លោកបានបន្ថែមថា ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះមហន្តរាយជាយថាហេតុណាមួយ ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន និងបងប្អូនរស់នៅតំបន់ងាយរងគ្រោះដោយសារទឹកជំនន់ មេត្តាប្រុងប្រយ័ត្ននិងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិតបំផុត ចៀសសវាងកើតមាននូវគ្រោះថ្នាក់ផ្សេងៗ ។
« យោងតាមប្រសាសន៍ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ កាលពីម្សិលមិញនេះ គឺមានការផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដល់ពេលដែលមានទឹកជំនន់ហក់ឡើងខ្លាំង ដោយអាជ្ញាធរខេត្តមានការរៀបចំទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋដែលជន់លិច ប៉ុន្តែនៅក្នុងអំឡុងពេលឥឡូវនេះ ស្ថានភាពទឹកមានការថមថយទៅវិញហើយ ចាប់ផ្ដើមស្រកទៅវិញហើយ ហើយសម្រាប់រយៈពេលប្រាំថ្ងៃចុងក្រោយមកនេះគឺមិនមានភ្លៀងធ្លាក់ទៀតនោះឡើយ នៅក្នុងពេលនេះទឹកមានកម្ពស់១២,១២ម៉ែត្រ ប៉ុន្តែទឹកបានហូរចូលតំបន់ទាបនៃក្រពះអាងជាយក្រុង ដែល នេះនឹងបន្តស្រក មិនមែនជាបញ្ហាអ្វីនោះទេគឺចាប់ផ្ដើមស្រកទៅវិញហើយ » ។
លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រះវិហារ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកជំនន់ ជាពិសេសត្រូវមើលថែកូនចៅរបស់ខ្លួនឱ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការពារពីសត្វអសិរពិសនានាខាំឬទិច ព្រមទាំងបានជំរុញឱ្យអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ បន្តតាមដាននូវស្ថានភាពទឹកជំនន់នេះជាបន្តទៀត បើទោះបីមានការស្រកចុះបណ្តើរៗក្តី ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួនចុះជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ៕