ប្រភពពី BTV
ភ្នំពេញ៖ ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា មានខេត្តចំនួន១៦ និងប្រជាពលរដ្ឋចំនួនជិត៣ពាន់គ្រួសារ បានប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង រហូតមានប្រជាពលរដ្ឋខ្លះត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។
ថ្លែងប្រាប់BTV News នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ សីហា ឆ្នាំ២០២២ យោងតាមការព្យាការណ៍អំពីអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលប៉ុន្មានចុងក្រោយនេះបរិមាណទឹកភ្លៀចបានធ្លាក់រាយប៉ាយក្នុងក្របខណ្ឌទូទាំងប្រទេសចាប់ពីបំណាច់ខែកក្កដា ដល់ដើមខែសីហា ក្នុងកម្រិតពីមធ្យមទៅច្រើនជារៀងរាល់ថ្ងៃ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តថា ស្របជាមួយការបើកបញ្ចេញទឹកពីអាងស្តុកទឹក និងវារីអគ្គិសនីមួយចំនួន និងបរិមាណទឹកភ្លៀង បានធ្វើឱ្យលិចលង់ជាបន្តបន្ទាប់នៅតាមបណ្តាខេត្តជាច្រើន ដូចជា តាមតំបន់ឆ្នេរ តំបន់ភាគពាយ័ព្យ តំបន់ឦសាន និងមួយផ្នែកនៃតំបន់ទំនាបកណ្តាល។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា គិតត្រឹមថ្ងៃនេះ នៅទូទាំងប្រទេសមានខេត្តចំនួន១៦ និងប្រជាពលរដ្ឋជិត៣ពាន់គ្រួសារ និងដំណាំស្រូវប៉ះពាល់ជាង៤ម៉ឺនហិកតា។
បើទោះបីជំនន់ទឹកភ្លៀងមិនទាន់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានព្រមានថា យោងតាមការព្យាករណ៍នារយៈពេល ២ខែបន្ទាប់ បរិមាណទឹកភ្លៀងនៅតែបន្តធ្លាក់នៅទូទាំងប្រទេស ហើយនឹងអាចប៉ះពាល់ធ្ងន់ធ្ងរជាងមុន ខណៈប្រភពទឹកមួយចំនួនធំ ពេញព្រាប និងទីវាលទឹកនៅបន្តមាន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមថា ទោះស្ថិតក្នុងស្ថានភាពមិនធ្ងន់ដូចពេលនេះក្តី តាមរយៈការយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានតាមដានជាប់ជាប្រចាំ និងបានត្រៀមលក្ខណៈសម្បត្តិជានិច្ច ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធាន បានបញ្ជាទៅកាន់បណ្តាខេត្តក្រុងនៅទូទាំងប្រទេស ឱ្យត្រៀមខ្លួនជាស្រេចដោះស្រាយបញ្ហាជូនប្រជាជននៅមូលដ្ឋាន ដើម្បីពិនិត្យពីការលំបាក និងដោះស្រាយជូនប្រជាជនភ្លាមៗ។
ជាមួយគ្នានោះផងដែរ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានត្រៀមកម្លាំងកងទ័ព ចំនួនទាំង១៦កង ជាកងប្រតិបត្តិការរុករក និងសង្គ្រោះ រួមទាំងក្រុមគ្រូពេទ្យថ្នាំ និងមធ្យោបាយប្រចាំការតាមដានសភាពការណ៍ និងសម្របសម្រួលក្នុងកិច្ចប្រតិបត្តិការអន្តរាគមន៍ ជាមួយលេខាធិការដ្ឋានគ្រោះមហន្តរាយខេត្តត្រៀមអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព រួមទាំងផ្សព្វផ្សាយសភាពការណ៍ជូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីហានិភ័យដោយសារទឹកជំនន់៕
អត្ថបទ៖ សេក ឧត្តម