រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ក្រោមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. និងជាអនុប្រធានក្រុមការងារសម្របសម្រួលជាមួយក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ បានដឹកនាំមន្ត្រីជំនាញ គ.ជ.គ.ម. សម្របសម្រួលជាមួយក្រុមជំនាញរុករកសង្គ្រោះ របស់បញ្ជាការដ្ឋានទ័ពពិសេស ៩១១, កងពលតូចថ្មើរជើង ៧១១ និងអាជ្ញាធរមូលដ្ឋាន ខណ្ឌសែនសុខ ចុះមកស្វែងរកជនរងគ្រោះ ដែលលង់ទឹកស្រះ ក្នុងវត្តវង្គតបូរី ហៅវត្តដំរីស ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គួររំលឹកថាកាលពីម៉ោងប្រមាណ ១២ថ្ងៃត្រង់ ទី៨ ខែសីហា ឆ្នាំ២០២១ យុវជនម្នាក់ឈ្មោះ អ៊ុង សុភា ហៅវ៉ិត អាយុ ១៧ឆ្នាំ បានចុះទៅស្រះទឹកវត្តខាងលើ និងបានលង់ស្លាប់។
តាមការបញ្ជាក់របស់ស្រ្តីជាម្តាយ កូនរបស់គាត់មានសតិមិនគ្រប់តាំងពីកំណើត ដែលរសៀលនោះ ចុះលេងទឹក រកចាប់ត្រីក៏រអិលលិចបាត់ក្នុងស្រះទឹកដែលមានជម្រៅ ប្រមាណជាង១០ម៉ែត្រ។
ក្រោយកើតហេតុ ដោយមានការសម្របសម្រួលដោយ ឯកឧត្តម គីម វីរៈ ក្រុមជំនាញរុករកសង្គ្រោះ របស់បញ្ជាការដ្ឋានទ័ពពិសេស ៩១១, កងពលតូចថ្មើរជើង ៧១១ និងអាជ្ញាធរមូលដ្ឋាន ខណ្ឌសែនសុខ បានរកសពជនរងគ្រោះឃើញនៅវេលាម៉ោង ៥៖៤៥នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល។