ឯកឧត្តម ង៉ែត ចាន់ថុន និង ឯកឧត្តម គីម វីរៈ ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទួលសុវត្ថិភាព ក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ង៉ែត ចាន់ថុន ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និង ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. និងជាអនុប្រធានក្រុមការងារសម្របសម្រួលជាមួយ កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ រួមជាមួយមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងពិនិត្យមើលស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពនៅលើផ្លូវវៀងក្រុង ឃុំបត់ត្រង់ ស្រុកមង្គលបូរី និងតំបន់ផ្លូវរថភ្លើង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម គីម វីរៈ បានបញ្ជាក់ថា មកដល់ថ្ងៃនេះ ស្ថានភាពទឹកនៅស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ នៅហ្នឹង ពុំទាន់ស្រកអស់នៅឡើយទេ។ ដូច្នេះ ប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅទួលសុវត្ថិភាព ក៏ពុំទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋាននៅឡើយ។