ឯកឧត្តម ឡាំ ហេងហួត បានអញ្ជើញជាអធិបតីក្នុងពិធីបើក កិច្ចប្រជុំសម្របសម្រួលរវាង គ.ជ.គ.ម. និងអង្គការដៃគូ លើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា

ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញជាអធិបតីក្នុងពិធីបើក កិច្ចប្រជុំសម្របសម្រួលរវាង គ.ជ.គ.ម. និងអង្គការដៃគូ លើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី៖ លោកស្រី Kristen Rasmussen នាយកប្រចាំប្រទេសអង្គការ DCA និងជាសហប្រធាន HRF លោកស្រី Elizabeth Pearce នាយកប្រចាំប្រទេសអង្គការ Save the Children និងជាសហប្រធាន JAG ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង និងទីប្រឹក្សា គ.ជ.គ.ម. ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង ADPC, គម្រោង PPC, កាកបាទក្រហមកម្ពុជា, និងសមាជិក សមាជិកា HRF, JAG និង CHF។

ឯកឧត្តម ឡាំ ហេងហួត បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខ និងការនឹករលឹកពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. ជូនចំពោះអង្គពិធីទាំងមូល និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ.ជ.គ.ម. ព្រមទាំងអង្គការដៃគូ កាកបាទក្រហមកម្ពុជា និងវិស័យឯកជន ដែលតែងតែចូលរួមជួយក្នុងសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយទុក្ខលំបាករបស់ប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម បានលើកឡើងអំពីសកម្មភាព និងការខិតខំប្រឹងប្រែងដោយការយកចិត្តទុកដាក់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. ជាសេនាធិការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយ ឯកឧត្តម តែងតែមានវត្តមានក្នុងការគិតគូរ ដោះស្រាយបន្ទាន់លើគ្រប់ទិដ្ឋភាព នៃគ្រោះមហន្តរាយ។ ជាក់ស្ដែង ការឆ្លើយតបសង្គ្រោះបន្ទាន់នៅពេលមានគ្រោះមហន្តរាយទឹកជំនន់ ដែលបានកើតឡើងនៅក្នុងឆ្នាំ ២០១៩ ២០២០ និង២០២១។